Toni Kroos បញ្ចេញពាក្យចាក់ដោតមួយម៉ាត់ ពេលលឺថាគ្រាប់ពេជ្ររបស់ La Liga មួយរូបចាកចេញទៅអារ៉ាប៊ីសាអូឌីត

Toni Kroos តារាឆ្នើមរបស់ក្រុម Real Madrid បានរិះគន់កីឡាករ Gabri Veiga របស់ Celta Vigo មួយម៉ាត់យ៉ាងខ្លី តែមានន័យជ្រៅ បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះបានយល់ព្រមចូលរួមជាមួយក្រុម Al-Ahli ប្រទេសអារ៉ាប៊ីសាអូឌីត។

តារាឆ្នើមរបស់ Celta ត្រូវបានគេចាត់ទុកថាជាទស្សនវិស័យដ៏ភ្លឺស្វាងបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League Chelsea និង Liverpool រួមជាមួយម្ចាស់ពាន Serie A Napoli នៅរដូវក្តៅនេះ។ វាត្រូវបានគេរាយការណ៍ថា Veiga ជិតនឹងផ្លាស់ប្តូរមូលដ្ឋានទៅទីក្រុង Naples ទោហើយប៉ុន្តែរូបគេបែរជាសម្រេចហោះហើរទៅកាន់អារ៉ាប៊ីសាអូឌីតដើម្បីចុះហត្ថលេខាជាមួយ Al-Ahli ទៅវិញ។

នៅក្នុងកម្មវិធីជជែកវែកញែក Einfach mal Luppen អតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបាននិយាយថា “អ្នករាល់គ្នាទៅទីនោះគឺដើម្បីតែលុយមួយមុខគត់។ សម្រាប់ Ronaldo រឺ Benzema មិនមែនជារឿងចម្លែកទេ ព្រោះពួកគេមានវ័យចាស់ ហើយឈ្នះស្ទើរគ្រប់យ៉ាងក្នុងអាជីពទៅហើយ។ អ្វីដែលខ្ញុំមានបញ្ហានោះគឺ កីឡាករវវ័យក្មេងដែលមានសក្តានុពលចែងចាំបែរជាយកប្រាក់ធ្វើជាគោលដៅសំខាន់ក្នុងអាជីពរបស់គេទៅវិញ។ នេះមិនមែនជាអ្វីដែលខ្ញុំចូលចិត្តនោះឡើយ ព្រោះវាជាគ្រោះថ្នាក់ទៅដល់អនាគតបាល់ទាត់ពេលខាងមុខ”។ អ្វីដែលរឹតតែមិនគួរឲ្យជឿនោះគឺ Kroos បានចូលទៅបញ្ចេញមតិក្នុងការបង្ហោះរបស់ Fabrizio Romano ពាក់ព័ន្ធនឹងព័ត៌មានរបស់ Gabri Veiga ជាមួយពាក្យមួយម៉ាត់យ៉ាងខ្លី ដោយសរសេរថា “Embarassing” ដែលមានន័យជាខេមរភាសា ថាគួរឲ្យមានភាពខ្មាសអៀន៕