ខ្សែបម្រើ Jude Bellingham បានទទួលការសរសើរយ៉ាងខ្ពង់ខ្ពស់ពីគ្រូបង្វឹករបស់ក្រុម Real Madrid លោក Carlo Ancelotti ដោយគ្រូបង្វឹករូបនេះជឿជាក់ថា Bellingham មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជំនួសតំណែងរបស់អតីតខ្សែប្រយុទ្ធ កីឡាករ Karim Benzema។

ការមកដល់របស់ Bellingham ជារឿងមួយដែល Real Madrid តែងតែត្រូវការ ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបាន 3 គ្រាប់ក្នុងការបង្ហាញខ្លួន 2 ប្រកួតដំបូងសម្រាប់ក្លឹបថ្មីរបស់គេ ស្របពេលដែល Real Madrid មិនទាន់បានរកឃើញអ្នកជំនួសតំណែងរបស់ Benzema នៅឡើយ ទាំងដែល Benzema បានចាកចេញទៅក្លឹប Al-Ittihad ជាយូរលង់មកហើយ។

នៅពេលសួរអំពីការបដិសេធរបស់ Real Madrid ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបន្ទាប់ពីការចាកចេញរបស់ Benzema Ancelotti បានប្រាប់វិទ្យុ Serie A ថា “យើងជឿថាការមកដល់របស់ Bellingham គ្របដណ្តប់អវត្តមានរបស់ Karim បាន។ Bellingham គឺជាក្មេងប្រុសដែលមានភាពចាស់ទុំ និងមានគុណភាព។ អ្វីដែលគាត់កំពុងធ្វើមិនមានអ្វីចម្លែកសម្រាប់អ្នកស្គាល់រូបគេនោះទេ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់មានអាយុត្រឹមតែ 20 ឆ្នាំប៉ុណ្ណោះ”។