PSG នឹងបើកផ្លូវឲ្យ Mbappe ចាកចេញមុនបិទទ្វារទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្រោមលក្ខខណ្ឌមួយនេះ

Kylian Mbappe នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបអ្នកមានបារាំង Paris Saint-Germain ប្រសិនបើក្លឹបទទួលបានការផ្តល់ជូនដែលបំបែកកំណត់ត្រាពិភពលោកសម្រាប់រូបគេមុនពេលទីផ្សារដោះដូរកីឡាករបិទ។

យោងតាមសារព័ត៌មាន AS របស់អេស្ប៉ាញ ម្ចាស់ជើងឯក Ligue 1 បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ប្រសិនបើក្លឹបណាមួយដេញថ្លៃក្នុងតម្លៃ 250 លានអឺរ៉ូ ខណៈដែលពួកគេមិនចង់បាត់បង់គាត់ដោយឥតគិតថ្លៃនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយ។ បន្ទាប់ពីកិច្ចពិភាក្សាដ៏មានសុទិដ្ឋិនិយម រវាងអ្នកតំណាងរបស់ Mbappe និងថ្នាក់ដឹកនាំក្លឹប ភាគីទាំងពីរបានយល់ព្រមលើរឿងនេះរួចជាស្រេច។

PSG ដឹងថាពួកគេនៅមានពេលវេលាគ្រប់គ្រាន់ ហើយនឹងជំរុញឱ្យកីឡាករវ័យ 24 ឆ្នាំដើម្បីចុះហត្ថលេខាលើការបន្តកុងត្រាថ្មី។ ពួកគេមិនទាន់ទទួលបានការផ្តល់ជូនជាផ្លូវការសម្រាប់ Mbappe នៅឡើយទេ ដោយពេលនេះកីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវដាក់បញ្ចូលក្នុងជម្រើសសរបស់លោក Luis Enrique សិន៕