Edin Dzeko បានប្រៀបធៀបកីឡាករវ័យក្មេង Erling Haaland ទៅនិង Karim Benzema ប៉ុន្តែក៏បានចែករំលែកគុណភាពមួយដែលធ្វើឱ្យខ្សែប្រយុទ្ធរបស់ Manchester City មានភាពលេចធ្លោ។

Haaland បច្ចុប្បន្នគឺជាខ្សែប្រយុទ្ធល្អបំផុតនៅក្នុងពិភពលោក ដែលតំណែងមួយនេះធ្លាប់កាន់កាប់ដោយអតីតកីឡាករ Real Madrid ពោលគឺ Benzema កាលពីមួយឆ្នាំមុន នៅពេលដែលគាត់បានឈ្នះ Ballon d’Or ឆ្នាំ 2022។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែត Millyet ខ្សែប្រយុទ្ធរបស់ក្រុម Fenerbahçe រូបនេះបានចេញមកធ្វើការប្រៀបធៀបយ៉ាងគួរឲ្យចាប់អារម្មណ៍មួយរវាងកំពូលខ្សែប្រយុទ្ធពីរជំនាន់នេះ។

Dzeko បាននិយាយថា “Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។ Haaland នឹងក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។ ពួកគេមានភាពខុសគ្នាមួយចំនួន។ Haaland គឺតែងតែស្រេកឃ្លានការស៊ុតបញ្ចូលទីជានិច្ច។ ខ្ញុំមិនដែលបានឃើញគុណសម្បត្តិទាំងនេះនៅក្នុងកីឡាករណាមួយនាពេលថ្មីៗនេះឡើយ។ ដោយឡែក Benzema គឺជាកីឡាករដែលផ្តោតទៅលើបច្ចេកទេស ហើយរូបគេជាកីឡាករដែលមានគុណភាពខ្ពស់”៕