Adidas គ្រោងជំនួសតំណែងក្រុមហ៊ុន Castore ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ថ្មីសម្រាប់ Newcastle

សារិកាព្រៃ Newcastle ដើរកាន់តែជិតដល់ផ្លូវបំបែកជាមួយក្រុមហ៊ុន Castore ដោយក្លឹបនឹងក្រឡេកទៅទទួលការផ្គត់ផ្គង់សម្លៀកបំពាក់ពីក្រុមហ៊ុន Adidas វិញ។

Newcastle ធ្លាប់មានប្រវត្តិចាប់ដៃគូជាមួយក្រុមហ៊ុន Adidas រួចម្តងមកហើយចន្លោះឆ្នាំ 1995 រហូតដល់ឆ្នាំ 2010 ដែលកាលនោះក្លឹបនៅក្រោមការដឹកនាំរបស់ Kevin Keegan។ ចាប់តាំងពីឆ្នាំ 2010 ដល់ 2021 Newcastle បានទទួលយក Puma ជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាផ្លូវការ មុនពេល Castore មកចូលជំនួសតំណែងត្រឹម 2 ឆ្នាំចុងក្រោយនេះ។

ក្លឹបបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា Adidas នឹងស្ថិតនៅលើអាវរបស់ Newcastle វិញចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2023 ជាមួយនឹងកិច្ចសន្យារយះពេល 5 ឆ្នាំ។ គួររំលឹកផងដែរថា ព័ត៌មាននៃការត្រលប់មកវិញរបស់ Adidas ត្រូវបានលេចឡើងក្នុងភាគមួយនៃភាពយន្តឯកសាររបស់ក្លឹប “We are Newcastle United” ដែលមានចាក់បញ្ចាំងលើ Amazon Prime Video៕