រឿងរ៉ាវរបស់ Greenwood ជាមួយ Man Utd ពេលនេះកាន់តែធ្ងន់ធ្ងរទៅ ដោយបុគ្គលិកមួយចំនួនហ៊ានដល់ថ្នាក់លាពីតំណែង

បុគ្កលិកមួយចំនួនរបស់ Manchester United កំពុងពិចារណាការលាឈប់ពីតំណែង ប្រសិនបើក្លឹបហ៊ានដាក់បញ្ចូល Mason Greenwood ចូលទៅក្នុងក្រុមវិញ។

Greenwood ត្រូវបានព្យួរឈ្មោះដោយ Man United ចាប់តាំងពីខែមករាឆ្នាំ 2022 នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។ នៅខែតុលា ឆ្នាំដដែល ខ្សែប្រយុទ្ធរូបនេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងការរំលោភបំពានលើរាងកាយ ដោយសាមីខ្លួនបានបដិសេធការចោទប្រកាន់ទាំងអស់។ ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ត្រូវបានច្រានចោលនៅក្នុងខែកុម្ភៈដោយសេវាអយ្យការរបស់អង់គ្លេស។

ក្លឹបបិសាចក្រហមកំពុងបន្តធ្វើការស៊ើបអង្កេតផ្ទៃក្នុងទៅលើ Greenwood តាំងពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែនៅតែមិនទាន់ប្រកាសពីការសម្រេចចិត្តរបស់ពួកគេជាសាធារណៈអំពីអនាគតរបស់គាត់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ The Athletic បានរាយការណ៍ថានាយកប្រតិបត្តិ Richard Arnold បានប្រាប់បុគ្គលិកកាលពីដើមខែសីហាថាក្លឹបនឹងបញ្ចូល Greenwood ទៅក្នុងក្រុមឡើងវិញ មុនពេលបញ្ចេញការសម្រេចចិត្តជាសាធារណៈ។ អ្វីៗគ្រប់យ៉ាងប្រែជាល្អក់កករ នៅពេលដែលបុគ្គលិកមួយចំនួនបានចេញមកគម្រាមលាឈប់បើសិនជាការសម្រេចមួយចិត្តមួយនេះត្រូវបានធ្វើឡើង ដោយបុគ្គលិកមួយចំនួនផ្សេងទៀតបានគម្រាមធ្វើបាតុកម្មទ្រង់ទ្រាយធំ៕