ក្រោយបរាជ័យ 2 ដង ពេលនេះ Ziyech ប្រហែលជាដល់ពេលចាកចេញពី Chelsea មែនទែនហើយ

Chelsea នឹងក្លឹប Galatasaray បានឈានមកដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Hakim Ziyech ប៉ុន្តែភាគីទាំងពីរនៅតែមិនទាន់អាចធូរចិត្តបានព្រោះអតីតកាលនៃប្រវត្តិផ្ទេររបស់ Ziyech ចេញពី Chelsea។

លោក Fabrizio Romano បានបញ្ជាក់ថា Chelsea បានទទួលសំណើរទិញលក្ខណះអចិន្ត្រៃយ៍ពីក្លឹប Galatasaray សម្រាប់ខ្សែប្រយុទ្ធស្លាបស្តាំដែល Chelsea លែងត្រូវការ ប៉ុន្តែភាពរីករាយសម្រាប់ក្រុមទាំងពីរគឺនៅកម្រិតទាបនៅឡើយ ដោយសារគម្រោងផ្ទេររបស់ Ziyech នៅក្នុងឆ្នាំនេះ ត្រូវបានបរាជ័យរហូតដល់ទៅពីរដង។ កាលពីខែមករា PSG បានដាក់សំណើរខ្ចីជើង Ziyech ប៉ុន្តែបែរជាមិនបានសម្រេចដោយសារ Chelsea បរាជ័យក្នុងការបញ្ជូនឯកសារដែលត្រឹមត្រូវទាន់ពេលវេលា។ នៅរដូវក្តៅនេះ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំស្ទើរតែចូលរួមជាមួយ Cristiano Ronaldo នៅក្លឹប Al-Nassr ប៉ុន្តែរបួសជង្គង់របស់ Ziyech បានដើរតួជាមូលហេតុតែមួយគត់ក្នុងការរារាំងការធ្វើតេស្តសុខភាព។

គួររំលឹកផងដែរថា Ziyech បានមកដល់ Chelsea ពីក្រុម Ajax ក្នុងតម្លៃ 33 លានផោនកាលពីឆ្នាំ 2020 ប៉ុន្តែកីឡាករសញ្ជាតិម៉ារ៉ុករូបនេះបែរជាធ្វើមិនសូវបានល្អសម្រាប់អាជីព 3 ឆ្នាំរបស់គេនៅកីឡដ្ឋាន Stamford Bridge។ ពេលនេះរូបគេលែងស្ថិតក្នុងការពិចារណារបស់លោក Mauricio Pochettino ហើយចង់ដកគេចេញដើម្បីរៀបចំកន្លែងសម្រាប់កីឡាករថ្មីៗ៕