វីវរធំហើយ Arsenal ពេលនេះ! កីឡាករចំណូលថ្មីរបស់ខ្លួនអាចនឹងអវត្តមានរាប់ខែដោយសាររបួសសរសៃពួរ

កាលពីពេលថ្មីៗនេះ ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការថា កីឡាករចំណូលថ្មីរបស់ក្លឹប Jurrien Timber បានរងរបួសដាច់់សរសៃពួរ ដោយពេលនេះរូបគេនឹងត្រូវដាក់ឲ្យសម្រាកនៅក្រៅទីលានក្នុងមួយរយះពេលដ៏វែង។

Timber ទើបតែចុះកុងត្រាជាមួយ Arsenal កាលពីខែមុនហើយបានបង្ហាញខ្លួនក្នងការប្រកួតផ្លូវការទល់នឹង Nottingham Forest កាលពីថ្ងៃសៅរ៍ប៉ុណ្ណោះ ប៉ុន្តែរូបគេបែរជាត្រូវបង្ខំចិត្តប្តូរចេញនៅតង់ទីពីរដោយខ្សែការពារស្លាបស្តាំរូបនេះបានរងរបួសដាច់សរសៃពួរ ជារបួសមួយដែលធ្វើឲ្យកីឡាករត្រូវប្រើពេលយូរបំផុតដើម្បីសម្រាកព្យាបាល។

វាជារឿងមិនអាចប្រកែកបាននោះឡើយដែល Timber នឹងត្រូវការការវះកាត់សម្រាប់បញ្ហាមួយនេះ ហើយខ្សែការពារសញ្ជាតិហូឡង់មួយនេះនឹងត្រូវចំណាយពេលយ៉ាងតិច 2-3 ខែដើម្បីឲ្យរបួសជាសះស្បើយ។ ក្នុងករណីដែលអកុសលបំផុតនោះ Timber អាចនឹងមិនមានវត្តមានពេញមួយរដូវកាល ទោះបីជាគិតត្រឹមពេលនេះការប្រកួតសប្តាហ៍ទីពីរមិនទាន់ចាប់ផ្តើមក៏ដោយ៕