បើសិនចង់បាន Joao Cancelo Barcelona ត្រូវសម្រេចលក់កីឡាករ 2 រូបនេះចេញសិន

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បី​ទិញ​ខ្សែ​ការពារ Joao Cancelo របស់ Manchester City ប៉ុន្តែ​ក្នុងពេលនេះដែរ ក្លឹបត្រូវ​តែ​លក់​កីឡាករ​ពីរ​នាក់​មុន​សិន។

បើយោងតាមសារព័ត៌មាន Mundo Deportivo ក្លឹបកាតាឡានមួយនេះកំពុងជំរុញឱ្យចុះហត្ថលេខាលើខ្សែការពារស្តាំពីក្លឹបនៅ Premier League ខណៈដែលខ្សែការពាររូបនេះមិនសូវទទួលបានការពេញចិត្តដោយលោក Pep Guardiola នោះឡើយ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានដាក់ចិត្តដាក់កាយរបស់ខ្លួនទៅ Kyle Walker ដោយបានរារាំងគាត់មិនឱ្យចូលរួមជាមួយក្លឹប Bayern Munich ជាហេតុធ្វើឲ្យ Cancelo គ្មានជម្រើសអ្វីក្រៅពីការចាកចេញនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ Barcelona ត្រូវតែលក់កីឡាករយ៉ាងហោចណាស់ពីរនាក់ ហើយប្រើប្រាស់លុយដែលបានមកពីការលក់ភាគហ៊ុន Barca Vision ដើម្បីសម្រេចការផ្ទេរ។ គិតត្រឹមពេលនេះ កីឡាករដូចជា Clement Lenglet និង Sergino Dest ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា​អនាគត​របស់​ពួក​គេ​អាចនឹងបញ្ចប់នាពេលឆាប់ៗនៅកីឡដ្ឋាន Camp Nou ហើយ​ថ្នាក់ដឹកនាំ​ក្លឹប​កំពុង​សម្លឹង​រក​ការ​ដក​ខ្សែ​ការពារ​ទាំង​ពីរ​ចេញ។ Barcelona ក៏កំពុងពិចារណាលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Cancelo ដោយមិនដាក់ចូលជម្រើសទិញផ្តាច់ ឬលក្ខខណ្ឌទិញដែលនឹងកើតឡើងលុះត្រាតែគោលដៅជាក់លាក់ណាមួយត្រូវបានសម្រេច៕