វីរកីឡាកររបស់ Real Madrid ព្រមាន Mbappe រឿងសូញសាញក្នុងការផ្លាស់មក Real Madrid

Kylian Mbappe ត្រូវបានគេព្រមានថា Real Madrid នឹងផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅកាន់ Erling Haaland វិញប្រសិនបើខ្សែប្រយុទ្ធបារាំងនៅតែចង់បន្តកុងត្រាជាមួយ Paris Saint-Germain ទៀត។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​ក្រុម​ដំបូង​វិញ​ហើយ​បន្ទាប់​ពី​បាន​ពិភាក្សា​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ មិនទាន់មានការពិភាក្សាអំពីការពន្យារកុងត្រាថ្មីនោះទេ ហើយកីឡាកររូបនេះសុខចិត្តលះបង់ប្រាក់រង្វាន់របស់គាត់ ដើម្បីដើរចេញដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ វីរបុរសរបស់ក្លឹប Real Madrid លោក Guti បានព្រមានថា Real Madrid នឹងបោះបង់ចោលការស្វែងរកខ្សែប្រយុទ្ធរបស់ PSG ហើយជំនួសមកវិញដោយផ្តោតលើតារាឆ្នើមរបស់ក្រុម Manchester City គឺ Haaland ។

Guti បានប្រាប់ El Chiringuito ថា “ខ្ញុំចង់ឱ្យ Mbappe លេងឱ្យ Real Madrid ប៉ុន្តែប្រសិនបើ Mbappe បន្តកុងត្រារបស់គាត់ជាមួយ PSG វានឹងបង្ហាញថាគាត់កំពុងធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីប្រាក់។ ប្រសិនបើរឿងនោះកើតឡើងមែន Real Madrid នឹងត្រូវជ្រើសរើស Erling Haaland ជាអ្នកជំនួស”