ថ្ងៃបើកឆាកការប្រកួតសម្រាប់សប្តាហ៍ដំបូងនៅលីកកំពូលអង់គ្លេស Premier League ជាថ្ងៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរលង់ ដោយបានបង្កើតជាភាពរំជើបរំជួលសម្រាប់ការទស្សនាការប្រកួតរបស់ក្រុមដែលខ្លួនចូលចិត្ត តែកីឡាករចំនួន 3 រូបគិតត្រឹមពេលនេះ ហាក់ចាប់ផ្តើមរដូវកាលថ្មីជាមួយរឿងមិនល្អនោះឡើយ។

នៅក្នុងការប្រកួតដំបូងបង្អស់សម្រាប់រដូវកាល 2023-2024 រវាងក្រុម Manchester City នឹងក្រុមទើបឡើងមកពីលីកទីពីរ Burnley អ្នកគាំទ្រក្រុមម្ចាស់ពាន Premier League ហាក់មិនមានភាពសប្បាយចិត្តទោះបានយកឈ្នះ 3-0 ក៏ដោយព្រោះខ្សែបម្រើប្រយុទ្ធស្នូលក្នុងក្រុម កីឡាករ Kevin De Bruyne បានរងរបួសហើយបង្ខំចិត្តចេញពីការប្រកួតក្នុងនាទីទី 24។ ក្រោយចប់ការប្រកួត គ្រូបង្វឹកលោក Pep Guardiola បានបញ្ជាក់ថា កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះនឹងត្រូវអវត្តមានយ៉ាងតិច មួយ ទៅ ពីរសប្តាហ៍។

ដោយឡែកកាលពីម្សិលមិញ កីឡាករចំណូលថ្មីរបស់កាំភ្លើងធំ Arsenal Jurrien Timber ត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី 50 ដោយកីឡាករ Takehiro Tomiyasu ជាអ្នកចូលលេងបង្ហើយការប្រកួតវិញ។ ស្ថានភាពរបស់ Timber មិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយភាពធ្ងន់ធ្ងររបស់ខ្សែការពារសញ្ជាតិហូឡង់រូបនេះនឹងត្រូវបានបញ្ជាក់ជាផ្លូវការនាប៉ុន្មានថ្ងៃខាងមុខ។

កីឡាករមួយរូបចុងក្រោយក្នុងបញ្ជីកីឡាករដែលមិនសមប្រកបសម្រាប់ថ្ងៃបើកឆាក គឺខ្សែការពារកណ្តាល Tyrone Mings។ ក្នុងការប្រកួតរវាង Newcastle United ទល់នឹង Aston Villa ដែលបានបញ្ចប់ទៅក្នុងលទ្ធផល 5-1 ប្រធានក្រុមរបស់ Aston Villa រូបនេះត្រូវបានប្រទះឃើញថាមានបញ្ហាសរសៃពួរកម្រិតធ្ងន់ កំឡុងពេលព្យាយាមផ្លាស់ប្តូរទិសដៅរត់តាមបាល់។ បញ្ហារបួសសរសៃពួរនេះបានញាំញីក្លឹប Aston Villa ជាលើកទីពីរ ក្រោយអវត្តមានរបស់កីឡាករខ្សែប្រយុទ្ធស្លាប Emiliano Buendia ក៏បានជួបបញ្ហានេះដូចគ្នាកាលពីដើមសប្តាហ៍៕