ក្រោយចាញ់ក្រុម RB Leipzig ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតពាន DFL-Super Cup អ្នកចាត់ការទូទៅក្រុម Bayern Munich លោក Thomas Tuchel បានទទួលស្គាល់ថាខ្លួនពិតជាខឹងសម្បាជាមួយកីឡាកររបស់ខ្លួន ដោយបានបង្កជាកំហុសច្រើនរាប់មិនអស់។

Bayern បានភ្លាត់ចាញ់ក្រុម RB Leipzig ក្នុងលទ្ធផល 3-0 ដោយសារការស៊ុតបាន Hat-trick ពីកីឡាករ Dani Olmo។ ស្របពេលដែលរដូវកាលថ្មីរបស់លីកកំពូលអាឡឺម៉ង់ Bundesliga ត្រូវចាប់ផ្តើមនៅថ្ងៃសុក្រសម្រាប់ម្ចាស់ពាន 11 សម័យជាប់គ្នា ដោយការធ្វើដំណើរទៅកាន់ទឹកដីក្រុម Werder Bremen លោក Tuchel កាន់តែមានភាពភ័យព្រួយមួយកម្រិតបន្ថែមទៀត ក្រោយឃើញកូនក្រុមលេងបែបនេះទល់នឹង Leipzig។

អតីតអ្នកចាត់ការរបស់ Chelsea រូបនេះបានទម្លាយក្រោយចប់ការប្រកួតថា “ទម្រង់លេងរបស់យើងជារឿងដែលមិនអាចទទួលយកបាននោះឡើយ។ វាមើលទៅដូចជាយើងចំណាយពេលប្រកួតមិត្តភាព 4 សប្តាហ៍ដោយគ្មានប្រយោជន៍ទាល់តែសោះ។ យើងនឹងធ្វើការវាយតម្លៃថ្ងៃស្អែក យើងនឹងឃើញថាមានកំហុសរាប់រយដងក្នុងមួយប្រកួត”៕