David Beckham បានថតរូបជាមួយ Lionel Messi និង Rodrigo De Paul នៅទីក្រុង Miami ខណៈដែលអ្នកគាំទ្រទាំងអស់បានលេងសើចនូវរឿងមួយដូចគ្នានៅលើការបង្ហោះ Instagram ចុងក្រោយរបស់សហម្ចាស់ក្លឹប Inter Miami។

Beckham បានចូលរួមជាមួយកំពូលតារាអាហ្សង់ទីនពីរនាក់សម្រាប់ការណាត់ជួបនៅទីក្រុង Miami ។ បន្ទាប់មកពួកគេទាំងបីនាក់បានថតរូបរួមគ្នាដែល Beckham បានចែករំលែកនៅលើបណ្តាញសង្គមរបស់គាត់ជាមួយនឹងចំណងជើងជាភាសាអេស្ប៉ាញដែលសរសេរថា “Dos campeones del mundo (ម្ចាស់ជើងឯកពិភពលោកទាំងពីរ) Lionel Messi, Rodrigo de Paul នៅ Inter Miami”។

អ្វីដែលគួរឲ្យអស់សំណើចនោះគឺ De Paul តែងតែការពារ Messi ទាំងក្នុង និងក្រៅទីលាន ដែលនាំឱ្យអ្នកគាំទ្រលេងសើចដាក់គាត់ជាអង្គរក្សផ្ទាល់ខ្លួនរបស់ Messi។ ដោយមើលឃើញថា De Paul នៅតែបន្តការរក្សាភាពជិតស្និទ្ធជាមួយ Messi អ្នកគាំទ្របាល់ទាត់ជាច្រើននៅលើបណ្តាញសង្គម Instagram បាននាំគ្នាស្នើរឲ្យ Beckham នាំយកអង្គរក្សផ្ទាល់ខ្លួនរបស់ Messi មួយនេះមកកាន់ក្លឹប Inter Miami ទាំងដែលខ្លួនមានឈ្មោះជាកីឡាកររបស់ Atletico Madrid នៅឡើយ៕