Piers Morgan នឹង Nick Kyrgios ចេញមកចង្អុលបង្ហាញចំណុចអាក្រក់របស់កីឡាការិនីបាល់ទាត់អាមេរិកមួយជាសាធារណះ

តារាវាយថេនីសល្បីមួយរូប កីឡាករ Nick Kyrgios បានចេញមកលេងសើចថាខ្លួនបានយល់ស្របជាមួយលោក​ Piers Morgan បន្ទាប់ពីវីដេអូមួយបានធ្លាយទៅកាន់បណ្តាញសង្គមដែលបង្ហាញថាកីឡាការិនីឆ្នើមរបស់ក្រុមជម្រើសជាតិអាមេរិក Megan Rapinoe បង្ហាញអាកប្បកិរិយាមិនល្អចំពោះអ្នកគាំទ្រវ័យក្មេងមួយរូប។

វីដេអូបង្ហោះដោយ Morgan ត្រូវបានថតនៅពានរង្វាន់ ESPY ក្នុងឆ្នាំ 2019 ដោយបង្ហាញថា Rapinoe បានចុះហត្ថលេខាលើបាល់បាល់ទាត់មួយសម្រាប់អ្នកគាំទ្រវ័យក្មេង ប៉ុន្តែនាងហាក់ដូចជាមិនចង់ទាក់ទងជាមួយក្មេងនោះទេ ដោយវាបង្ហាញថានាងមិនបានសូម្បីតែយកភ្នែកមើលអ្នកគាំទ្រដែលបានកាន់បាល់មកសុំហត្ថលេខាកីឡាការិនីដែលខ្លួនពេញចិត្ត។

Morgan បានរិះគន់ Rapinoe នៅលើ Twitter ដោយអះអាងថាតារាស្រីរូបនេះបានបង្ហាញភាពក្រអឺតក្រទម ចំពោះអាកប្បកិរិយារបស់ខ្លួន។ បន្ទាប់មកគាត់បានទទួលការគាំទ្រពីតារាកីឡាវាយកូនបាល់ Nick Kyrgios ដែលបានឆ្លើយតបថា “ហាហាហាហាហា នេះជារឿងមួយដែលខ្ញុំ និង Piers អាចយល់ស្របគ្នាបាន”