អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsdale បានបង្ហើបថាខ្លួនបានរៀបចំរួចរាល់ក្នុងការប្រកួតប្រជែងតំណែងអ្នកចាំទីដៃទីមួយក្នុងក្រុម ខណះដែលការមកដល់របស់ David Raya ពីក្រុម Brentford នឹងកើតឡើងឆាប់ៗនេះ។

Arsenal គ្រោងនឹងនាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ 27 ឆ្នាំមកកាន់កីឡដ្ឋានEmirates Stadium ក្នុងតម្លៃ 30 លានផោននាប៉ុន្មានថ្ងៃខាងមុខ ដោយអ្នកចាំទីដៃទីពីរ Matt Turner របស់ Arsenal កំពុងចរចារសម្រាប់ការចាកចេញទៅកាន់ Nottingham Forest វិញ។ ការមកដល់របស់ David Raya អាចបង្កើតជាស្ថានភាពប្រកួតប្រជែងមួយទៅដល់ Ramsdale ខណះអ្នកទាំងពីរសុទ្ធសឹងជាអ្នកចាំទីជម្រើសដំបូងដូចគ្នា តែ Ramsdale ហាក់គ្មានការបារម្ភអ្វីនោះឡើយ។

នៅពេលត្រូវបានសួរក្នុងកិច្ចសម្ភាសន៍មួយ អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះបានបង្ហើបឲ្យដឹងពីមតិយោបល់របស់ខ្លួនថា “មិនមានអ្វីដែលងាយស្រួលក្នុងបាល់ទាត់នោះទេ ដូចនេះយើងត្រូវដើរតាមកាលះទេសះ ហើយសម្របខ្លួនតាមនោះ។ ខ្ញុំំគិតថាការមកដល់របស់គេនឹងជួយរុញយើងទាំងពីរនាក់ឲ្យកាន់តែខ្លាំងជាងមុន ហើយប្រកួតប្រជែងគ្នាតាមដែលអ្វីដែលគ្រូបង្វឹកចង់បាន”៕