អ្នកតំណាងរបស់កីឡាករ Sadio Mane បានចេញមកធ្វើការស្តីបន្ទោសក្លឹប Bayern Munich បន្ទាប់ពីការសម្រេចចិត្តរបស់ Mane ទៅកាន់ Al-Nassr ដោយអះអាងថាការផ្ទេរនេះគឺមិនមែនមកពីមូលហេតុពាក់ព័ន្ធជាមួយនឹងបាល់ទាត់នោះឡើយ។

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់រូបនេះបានរកឃើញទ្រនំថ្មីរបស់ខ្លួននៅអារ៉ាប៊ីសាអូឌីត មួយឆ្នាំក្រោយការផ្លាស់មកកីឡដ្ឋាន Allianz Arena ពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ 35 លានផោន។ Mane រកបានប្រមាណ 17 លានផោនក្នុងមួយឆ្នាំនៅអាឡឺម៉ង់ ប៉ុន្តែភ្នាក់ងាររបស់ Mane លោក Bacary Cisse អះអាងថា Bayern បានបង្ខំឲ្យ Mane ចាកចេញដោយសារមិនចង់ផ្តល់ប្រាក់ពលកម្មច្រើនទៅម្ចាស់ពាន Africa Cup of Nations។

លោក Cisse បានប្រាប់ទៅកាន់ RMC Sport ថា “វាមិនមានអ្វីពាក់ព័ន្ធនឹងបាល់ទាត់នោះទេ ក្នុងការសម្រេចលក់ Mane។ ប្រាក់ខែរបស់ Mane បានបង្កជាភាពចលាចលសម្រាប់គេ ព្រោះជនជាតិអាឡឺម៉ង់ទាំងនោះមិនយល់ថាហេតុអ្វីបានជាកីឡាករមកពីអាហ្វ្រិកអាចរកបានច្រើនជាងគេ ដូចនេះពួកគេចង់កម្ចាត់ Mane ចេញ។ ពួកគេមិនដែលទាក់ទងកីឡាករ រឺភ្នាក់ងារកីឡាករឡើយ។ ពួកគេទាំងនោះគ្រាន់តែប្រាប់ Thomas Tuchel ឲ្យមកនិយាយប្រាប់ Mane ថាចាប់ពីពេលនេះទៅគេនឹងក្លាយជាកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងជម្រើសទី 3 ប៉ុណ្ណោះ”៕