វីរកីឡាកររបស់ក្រុមបិសាចក្រហម Manchester United លោក Roy Keane ជឿជាក់ថា Arsenal បានចំណាយច្រើនលើសបរិមាណសម្រាប់កីឡាករ Declan Rice នៅរដូវក្តៅនេះ ហើយបានបន្ថែមថារូបគេមិនមែនជាកីឡាករដែលមានតម្លៃ 100 លានផោនអ្វីនោះឡើយ។

អតីតប្រធានក្រុមរបស់ Man Utd រូបនេះមិនខ្លាចក្នុងការនិយាយពាក់ព័ន្ធជាមួយគុណវិបត្តិរបស់កីឡាករចំណូលថ្មីរបស់ Arsenal ដែលផ្ទេរចេញពី West Ham ក្នុងតម្លៃបំបែកកំណត់ត្រា 105 លានផោននោះឡើយ ទោះបីជាបានលើកសរសើរអំពីកាយសម្បទារបស់ Rice ក៏ដោយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍មុនការប្រកួតរវាង Arsenal នឹង Manchester City សម្រាប់ពាន Community Shield លោក Roy Keane បានឲ្យដឹងថា “រូបគេប្រាកដជាត្រូវបានព័ទ្ធដោយកីឡាករល្អៗផ្សេងទៀត។ សមត្ថភាពរបស់គេគឺមិនមែនរកគ្រាប់បាល់បន្ថែមនោះឡើយ គឺរូបគេល្អខាងការពារ នឹងកាយសម្បទា។ វាច្បាស់ណាស់ដែល Arsenal បានចំណាយលុយច្រើនពេកសម្រាប់រូបគេ។ Rice ជាកីឡាករល្អ តែមិនមែនជាកីឡាករតម្លៃ 100 លានផោននោះទេ”៕