Barcelona រំពឹងថា Dembele មកហ្វឹកហាត់ជាមួយក្លឹបវិញ ដោយគ្រោងពន្យាពេលពិនិត្យសុខភាពនៅ PSG

Ousmane Dembele អាចត្រូវបានបង្ខំឱ្យបន្តការហ្វឹកហាត់ជាមួយ Barcelona បន្តទៀតបន្ទាប់ពីបញ្ហាឯកសារមួយចំនួន បានរារាំងការផ្ទេររបស់គាត់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ PSG បន្ទាប់ពីពួកគេបានយល់ព្រមលើលក្ខខណ្ឌដោះលែងរបស់គាត់ចំនួន 50 លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរគិតមកទល់ពេលនេះមានភាពយឺតយ៉ាវ ដោយសារព័ត៌មាន Sport បានរាយការណ៍ថា PSG នៅតែរង់ចាំទទួលឯកសារចាំបាច់ទាំងអស់ ដើម្បីអាចបញ្ចប់ការផ្លាស់ប្តូរនេះ។ អ្វីៗស្ថិតក្នុងភាពជាប់គាំងរហូតដល់បញ្ហានេះអាចត្រូវបានដោះស្រាយ ដោយ Dembele មិនអាចហ្វឹកហាត់ជាមួយក្លឹបថ្មីរបស់គាត់ លុះត្រាឯកសារដ៏សំខាន់នេះបានអនុញ្ញាតជាមុនសិន។

Dembele នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Barcelona ដែលមានន័យថាប្រសិនបើព័ត៌មានលម្អិតនៃការផ្ទេររបស់គាត់ទៅកាន់ទីក្រុងប៉ារីសមិនត្រូវបានព្រមព្រៀងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ គាត់អាចត្រូវបានបង្ខំឱ្យបន្តហ្វឹកហាត់ជាមួយ Barca នៅទីលាន Ciutat Esportiva Joan Gamper៕