បុរសម្នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ ដោយសារតែ Lionel Messi

បុរសម្នាក់ឈ្មោះ Cristian Salamanca បាននិយាយថាខ្លួនត្រូវបានបញ្ឈប់ពីការងារនៅក្រុមហ៊ុនសម្អាតមួយភ្លាមៗ ដោយសារតែការព្យាយាមតាមឲ្យកំពូលកីឡាករ​​ Lionel Messi ចុះហត្ថលេខាលើអាវរបស់ខ្លួន។

ការមកដល់របស់ Messi នៅ Inter Miami បានបង្កើតជាទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្របាល់ទាត់។ ខណះដែលគ្រប់គ្នាសុទ្ធតែចង់ឃើញ Messi ដោយផ្ទាល់ Salamanca ដែលបានទៅដល់កីឡដ្ឋាន Inter Miami ជាលើកដំបូងក្នុងឆាកជីវិត បានសម្រេចបំណងរបស់ខ្លួន ដោយបាននូវហត្ថលេខារបស់កីឡាករវ័យ 36 ឆ្នាំ តែបែរជាត្រូវអស់ការងារធ្វើទៅវិញ។

បើយោងទៅតាមការបញ្ជាក់របស់សាមីខ្លួនដែលជាអ្នកសម្អាតផ្ទាល់ Salamanca បានពន្យល់ថាពេលនោះខ្លួនត្រូវលាងសម្អាតបន្ទប់ទឹកនៅក្បែរកន្លែងចតឡានក្រុងរបស់កីឡាករ ហើយជារឿងចៃដន្យឡានក៏បានទៅដល់ចំពេលខ្លួននៅបរិវេណនោះនៅឡើយ។ ក្រោយឃើញ Messi រូបគេក៏បានស្រែកដើម្បីឲ្យ Messi ងាកមកមើលខ្លួន រួចទាញអាវជម្រើសជាតិអាហ្សង់ទីនដើម្បីឲ្យ Messi ចុះហត្ថលេខា។ បន្ទាប់មក សន្តិសុខក៏បានមកដល់ភ្លាមៗ ហើយនាំរូបគេចេញពីបរិវេណនោះ នឹងបានសម្រេចបណ្តេញចេញពីការងារភ្លាម តែសាមីខ្លួនទទួលស្គាល់ថាវាជារឿងដែលខ្លួនសុខចិត្តទទួលយកដើម្បីបានជួប Lionel Messi៕