អតីតកីឡាករ Spurs មួយរូបតឿនឲ្យក្លឹបលក់ Kane ទៅកាន់គោលដៅដែលសាកសមមួយនេះឲ្យបានលឿន

អតីតកំពូលខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Gary Lineker បានបង្ខំឲ្យ Harry Kane ចាកចេញពីក្លឹបនៅរដូវក្តោនេះ ដោយបានដាក់ Bayern Munich ជាកន្លែងដ៏សាកសមបំផុតសម្រាប់រូបគេ។

ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះមិនទាន់អាចឈ្នះពានរង្វាន់ធំក្នុងអាជីពរបស់ខ្លួននៅឡើយទេ បើទោះបីជាស៊ុតបញ្ចូលទីបានច្រើនគ្រាប់សម្រាប់ Spurs ប៉ុណ្ណាក៏ដោយ។ Bayern Munich បានព្យាយាមចុះហត្ថលេខាលើគាត់ពេញមួយរដូវក្តៅ ហើយស្របពេលដែលកិច្ចសន្យារបស់ Kane នឹងផុតកំណត់នៅរដូវក្តៅក្រោយ ប្រធានក្លឹប Spurs  លោក Daniel Levy ប្រហែលជាត្រូវបង្ខំចិត្តលក់កីឡាករដ៏មានតម្លៃរបស់គាត់ក្នុងរដូវកាលនេះ ដើម្បីជៀសវាងការបាត់បង់គាត់ដោយទទេនាពេលខាងមុខ ដោយនេះជាអ្វីដែល Lineker គិតថាគួរតែកើតឡើង។

ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Sun លោក Lineker បាននិយាយថា​ “ខ្ញុំគិតថា Harry នឹងចាកចេញពី Tottenham ហើយនេះជារឿងដែលគេគួរតែធ្វើ។ ពេលវេលានេះគឺសាកសមបំផុត ហើយក្លឹបដែលសាកសមបំផុតសម្រាប់ Kane ក៏បានមកដល់ដែរ។ Munich ជាទីក្រុងដ៏ល្អមួយ ហើយក្លឹប Bayern ជាក្លឹបធំមួយក្នុងចំណោមក្លឹបធំបំផុតក្នុងលោក។ សម្រាប់ខ្ញុំ វាជាការសម្រេចចិត្តល្អសម្រាប់ Spurs ក្នុងការលក់ត្រឹមតម្លៃ 80លាន រឺ​100លានផោន ចៀសវាងការបាត់បង់គេនៅរដូវកាលក្រោយដោយមិនបានសូម្បីតែមួយកាក់ មួយសេន”