Arsene Wenger ជឿជាក់មុតមាំថាក្រុមរបស់ Mikel Arteta អាចនឹងដើរតាមគន្លងចាស់មួយរបស់ក្លឹបបាន

អតីតគ្រូបង្វឹករបស់ក្រុម Arsenal លោក Arsene Wenger ជឿជាក់ក្នុងចិត្តរបស់គាត់ថា កីឡាកររបស់ Arsenal សម្រាប់រដូវកាល 2023-2024 ខាងមុខមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពាន Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ​ 2003-2004 មក។

កាំភ្លើងធំត្រូវបានគេចាត់ទុកជាបេក្ខភាពប្រជែងពានដ៏ញឹកញាប់មួយក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង ដោយថែមទាំងបានឈ្នះពានលីកកំពូលដល់ទៅ3 ដងថែមទៀតផង។ លើកចុងក្រោយដែល Arsenal បានស្គាល់រសជាតិពានលីកកំពូល គឺកាលពីរដូវកាល 2003-2004 ដែលកាលនោះ Arsenal បញ្ចប់ការប្រកួតមួយរដូវកាលពេញដោយមិនមានពាក្យបរាជ័យសូម្បីតែម្តងក្នុងវចនានុក្រមរបស់ខ្លួន។ កាលពីរដូវកាលមុន Mikel Arteta ធ្វើឲ្យពិភពបាល់ទាត់អង់គ្លេសកក្រើកម្តងទៀត តែបានត្រឹមខកចិត្តក្រោយភ្លាត់ស្នៀតប៉ុន្មានសប្តាហ៍ចុងក្រោយទៅវិញ។

យ៉ាងណាក្តី​ Wenger មិនបោះបង់ក្តីរំពឹងទៅលើរលកក្រោយរបស់ Arsenal ដែរ ដោយបានថ្លែងក្នុងគេហទំព័រផ្លូវការរបស់ក្លឹបថា “ខ្ញុំមានអារម្មណ៍ថា Mikel កំពុងធ្វើបានយ៉ាងល្អ ហើយសម្រេចចិត្តត្រឹមត្រូវជាមួយការរៀបចំក្រុមដែលមានសមត្ថភាពក្នុងការប្រជែងពានរដូវកាលក្រោយ។ ពួកគេសឹងតែធ្វើបានម្តងហើយកាលពីរដូវកាលមុន ដូចនេះយើងនឹងធ្វើវាឲ្យបាននៅឆ្នាំនេះ។ ខ្ញុំសប្បាយចិត្តជាមួយកីឡាករដែលយើងបាននាំចូលទាំង 3 ហើយយើងមានភាពរួចរាល់ដើម្បីធ្វើឲ្យបានល្អ នឹងក្លាយជាបេក្ខភាពមួយដើម្បីលើកពាន”