ឥទ្ធិពល GOAT គឺបែបនេះមែន! សំបុត្រចូលទស្សនាការប្រកួតក្រៅដីដំបូងរបស់ Messi លក់អស់គ្មានសល់ត្រឹមពេលដ៏ខ្លី

ការប្រកួតក្រៅដីជាលើកដំបូងរបស់ Lionel Messi សម្រាប់ក្រុម Inter Miami ត្រូវបានគេរាយការណ៍ថាបានលក់អស់ក្នុងរយៈពេលត្រឹម 10 នាទី ខណៈដែលការអបអរសាទររបស់អ្នកគាំទ្របាល់ទាត់នៅសហរដ្ឋអាមេរិកជុំវិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅតែបន្តកើនឡើងជាលំដាប់។

ចាប់តាំងពីមកដល់ទីក្រុង Miami កាលពីខែមុនមក ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលទើបឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក Lionel Messi បានទទួលការគាំទ្រជាខ្លាំង។ ឥទ្ធិពលរបស់គាត់លើក្រុមពិតជាគួរអោយចាប់អារម្មណ៍ ជាមួយនឹងការស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ទល់នឹងក្រុម Orlando City ដែលនាំឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់សម្រាប់ក្រុម Inter Miami រហូតដល់ទៅប្រាំគ្រាប់ក្នុងបីប្រកួតដំបូង។ អ្នកគាំទ្រ MLS កំពុងកត់សម្គាល់ពីឥទ្ធិពលដែល Messi បាននាំមកជាមួយខ្លួន ជាហេតុធ្វើឲ្យសំបុត្រសម្រាប់ការប្រកួតក្រៅដីលើកដំបូងរបស់ Messi ជាមួយ FC Dallas ត្រូវបានលក់អស់ហើយបន្ទាប់ពីត្រឹមតែ 10 នាទីប៉ុណ្ណោះ។

ល្បឿននៃការលក់សំបុត្រគឺកាន់តែគួរឱ្យកត់សម្គាល់នៅពេលដែលអ្នកពិចារណាតម្លៃសំបុត្រសម្រាប់ការប្រកួត ជាមួយនឹងកៅអីថោកបំផុតដែលមានតម្លៃ 299 ដុល្លារ ខណៈដែលសំបុត្រលក់បន្តជាផ្លូវការនឹងមានតម្លៃជាង 600 ដុល្លារក្នុងមួយកៅអី។ មនុស្សសរុបចំនួន 20,000 នាក់នឹងប្រជ្រៀតគ្នាចូលទៅក្នុងកីឡដ្ឋាន Toyota របស់ក្លឹប FC Dallas សម្រាប់ការប្រកួតក្រៅដីជាលើកដំបូងរបស់ Messi នៅលីកកំពូលអាមេរិក Major League Soccer៕