បន្ទាប់ពីបរាជ័យក្នុងការទិញយក Victor Osimhen និង Harry Kane ពេលនេះក្រុម Paris Saint-Germain គ្រោងបង្កាត់ភ្លើងស្នេហ៍របស់ខ្លួនឡើងវិញជាមួយកីឡាករ Randal Kolo Muani របស់ក្រុម Eintracht Frankfurt។

PSG មានការខកចិត្តជាខ្លាំងក្នុងការបរាជ័យសម្រាប់ការតាមប្រមាញ់ Kane និង Osimhen នៅរដូវក្តៅនេះ។ ខណៈពេលដែល Kane កាន់តែកៀកក្នុងការចូលរួមជាមួយ Bayern Munich នោះ Napoli បានកំណត់តម្លៃដ៏ធំសម្បើមប្រមាណ 200 លានអឺរ៉ូលើខ្សែប្រយុទ្ធ Osimhem ដែលបានជំរុញឱ្យក្លឹបយក្ស Ligue 1 ដកខ្លួនចេញទាំងដែលចាប់ចិត្តលើកីឡាករសញ្ជាតិនីហ្សេរីយ៉ានេះជាខ្លាំង។

ជាលទ្ធផល ក្លឹបបានបន្តការចាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធ Eintracht Frankfurt កីឡាករ Randal Kolo Muani នេះបើយោងតាម L’Equipe។ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ក៏ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទងជាមួយអ្នកតំណាងរបស់ Muani ហើយបង្ហាញពីចេតនាយ៉ាងច្បាស់ក្នុងការចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងនៅរដូវក្តៅនេះ៕