Luis Suarez បានបង្ហើបថាគាត់និង Lionel Messi មានក្តីសុបិនចង់ចូលនិវត្តន៍ជាមួយគ្នាបន្ទាប់ពីការផ្ទេរទៅកាន់ក្លឹប Inter Miami របស់ Suarez បានបរាជ័យទាំងស្រុង។

Inter Miami បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យ Messi រួមទាំងអតីតមិត្តរួមក្រុមរបស់គាត់ Sergio Busquets និង Jordi Alba ។ ក្លឹបរបស់ David Beckhamសម្លឹងមើលការចុះហត្ថលេខានាំយក Suarez មកដែរ ប៉ុន្តែការផ្លាស់ប្តូរនេះនឹងមិនបានសម្រេចទេ ខណៈដែលក្លឹបបច្ចុប្បន្នរបស់ Suarez ពោលគឺ Gremio បានបញ្ចប់ការពិភាក្សាជាមួយ Inter Miami ប៉ុន្តែអ្នកទាំងពីរនៅតែសង្ឃឹមថានឹងលេងជាមួយគ្នាម្តងទៀត។

នៅក្នុងកម្មវិធី Punto Penal របស់ប៉ុស្តិ៍ទូរទស្សន៍អ៊ុយរ៉ាហ្កាយ អតីតកីឡាកររបស់ Ajax, Liverpool, Barcelona នឹង AT Madrid រូបនេះបានទម្លាយថា “ជាមួយ Messi ខ្ញុំមានក្តីស្រម៉ៃថាយើងនឹងបានចូលនិវត្តន៍រួមគ្នា។ វាជាអ្វីដែលយើងតែងតែគិតកាលនៅ Barcelona ប៉ុន្តែមួយឆ្នាំក្រោយមក Messi ទៅ PSG ហើយខ្ញុំក៏បានទៅលេងនៅ Atletico។ ដូចនេះខ្ញុំសង្ឃឹមថា នាពេលខាងមុខ ពួកយើងនឹងអាចសម្រេចបំណងនេះបានទៅចុះ”៕