គ្រូ Man Utd ឆេះដុំទ្រង់ទ្រាយធំ ពេលឃើញកូនក្រុមលេងចាញ់ Dortmund

Erik ten Hag បានរិះគន់កីឡាកររបស់ Manchester United ចំពោះការមិនអនុវត្តតាមច្បាប់របស់គាត់ក្នុងការបរាជ័យក្រោមលទ្ធផល 3-2 ដោយស្នាដៃក្រុម Borussia Dortmund អំឡុងពេលមុនបើករដូវកាល2023-2024។

ក្នុង​ការ​ប្រកួត​មុន​រដូវ​កាល​ចុង​ក្រោយ​​នៅ​សហរដ្ឋ​អាមេរិក Manchester United បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល 3-2 លើ​ក្រុម Borussia Dortmund ក្នុង​ទីក្រុង Las Vegas ដោយអ្នកចាត់ការ Ten Hag បានសម្តែងការខកចិត្តរបស់គាត់ចំពោះកីឡាករមួយចំនួនដោយពួកគេមិនបានគោរពតាមការណែនាំរបស់គាត់ ដែលនាំឱ្យមានការលេងមិនសូវល្អ។

ក្រោយ​ការ​ប្រកួត អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លឹប​ទាំងតឹងទ្រូង “តង់​ដំបូង​គឺ​ពួកយើងធ្វើបានល្អ លេង​ជា​ក្រុម មាន​កម្លាំង​ខ្លាំង កម្លាំង​ល្អ។ ដូច្នេះវាពិតជារីករាយណាស់ដែលបានឃើញ ហើយនោះជាអ្វីដែលខ្ញុំចង់និយាយនៅពាក់កណ្តាលតង់ ប៉ុន្តែភ្លាមៗនោះពួកគេបានធ្លាយគ្រាប់បាល់ដល់ទៅពីរគ្រាប់។ ពួកគេមិនបានធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ទាល់តែសោះ ដោយពួកគេលេងគ្មានភាពជាក្រុមនៅតង់ទីពីរ មើលទៅដូចជាកីឡាករ 11 នាក់លេងតាមរបៀបរៀងៗខ្លួនយ៉ាងគ្មានសណ្តាប់ធ្នាប់”