Inter ប្រែចិត្តឈប់តាមយក Morata តែសម្លឹងឃើញគ្រាប់ពេជ្រមិនទាន់ឆ្នៃរបស់ Arsenal រួចស្រេច

Inter កំពុងផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Folarin Balogun ខណៈដែលចំណាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធ Alvaro Morata របស់ Atletico Madrid បានធ្លាក់ចុះនាប៉ុន្មានថ្ងៃចុងក្រោយនេះ។

Inter កំពុង​ស្ថិត​ក្នុង​ទីផ្សារ​ដោះដូរកីឡាករសម្រាប់​ខ្សែ​ប្រយុទ្ធ​ ​ក្រោយ​បាត់​បង់​កីឡាករជួរមុខទាំង Edin Dzeko និង Romelu Lukaku នៅ​រដូវ​ក្ដៅ​នេះ។ ពួកគេបានចុះហត្ថលេខាលើកីឡាករ Marcus Thuram ដោយគ្មានតម្លៃខ្លួន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សម្រាប់ក្លឹបក្នុងការប្រកួតជាមួយក្លឹបដទៃឡើយ។

ដំបូងឡើយ ផែនការនេះគឺនាំយក Lukaku ត្រឡប់មកវិញជាលើកទីបី ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយ Juventus និង AC Milan បានធ្វើឲ្យមានភាពល្អក់កករជាមួយក្លឹប ហើយពួកគេបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកីឡាករបែលហ្ស៊ិក ហើយបន្ទាប់មកពួកគេត្រូវបានភ្ជាប់ទៅ Morata។ បើយោងទៅតាម La Gazzetta dello Sport បញ្ជាក់ថា Inter លែងចាប់អារម្មណ៍លើ Morata ទៀតហើយ ហើយផ្ទុយទៅវិញ គឺផ្តោតលើការចុះហត្ថលេខាលើ Balogun ពីក្រុមកាំភ្លើងធំ៕