លោក Pep Guardiola សារភាពថាទីផ្សារដោះដូរកីឡាករបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានល្បួងយកខ្សែប្រយុទ្ធស្លាបស្តាំ Riyad Mahrez ឱ្យធ្វើការផ្ទេរដ៏មានតម្លៃមហាសាល។

គ្រូបង្វឹកក្រុម Manchester City រូបនេះជឿជាក់ថា ថាមពលហិរញ្ញវត្ថុដែលគ្មានអ្វីប្រៀបផ្ទឹមបានរបស់អារ៉ាប៊ីសាអូឌីត បានផ្លាស់ប្តូរទីផ្សារដោះដូរកីឡាករស្ទើរតែទាំងស្រុង បន្ទាប់ពី Riyad Mahrez បានផ្ទេរចេញក្នុងតម្លៃ 30 លានផោនទៅកាន់ក្លឹប Al-Ahli។

ថ្លែងក្នុងសន្និសីទកាសែតសម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលថ្មីនៅប្រទេសកូរ៉េខាងត្បូង អតីតគ្រូបង្វឹកក្លឹប Barcelona បាននិយាយជុំវិញបញ្ហាទាំងអស់នេះថា “អារ៉ាប៊ីសាអូឌីតបានផ្លាស់ប្តូរទីផ្សារកីឡាករជាខ្លាំង។ កាលពីប៉ុន្មានខែមុន នៅពេលដែល Cristiano Ronaldo គឺជាមនុស្សតែម្នាក់គត់ដែលទៅ គ្មាននរណាម្នាក់នឹកស្មានថាកីឡាករកំពូលៗជាច្រើននឹងលេងនៅលីគអារ៉ាប៊ីសាអូឌីតនោះទេ។ នាពេលអនាគតនឹងមានច្រើនទៀត ហើយនោះជាមូលហេតុដែលក្លឹបត្រូវដឹងអំពីអ្វីដែលកំពុងកើតឡើង។ Riyad ទទួលបានការផ្តល់ជូនមិនគួរឱ្យជឿ ពី Al-Ahli ហើយនោះហើយជាមូលហេតុដែលយើងមិនអាចឃាត់ឃាំងការសម្រេចចិត្តរបស់គេបាន”៕