មុនការចាកចេញរបស់ Henderson ទៅអារ៉ាប៊ីសាអូឌីត តើរូបគេបាននិយាយអ្វីខ្លះទៅមិត្តរួមក្រុមនៅ Liverpool?

ការសម្រេចចិត្តរបស់ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson ក្នុងការចាកចេញពីក្លឹបដើម្បីទៅបន្តអាជីពនៅអារ៉ាប៊ីសាអូឌីតក្រោមក្លឹប Al-Ettifaq ជាមួយ Steven Gerrard អាចជាការសម្រេចចិត្តដ៏ចម្រូងចម្រាស់មួយ តែសាមីខ្លួនផ្ទាល់បានទម្លាយមូលហេតុដ៏រំជួលចិត្តទៅកាន់មិត្តរួមក្រុមរបស់គេ មុនពោលពាក្យលា។

Henderson បានចូលរួមជាមួយក្រុម Al-Ettifaq នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងតម្លៃ 12 លានផោន ដោយបញ្ចប់អាជីពរយៈពេល 12 ឆ្នាំនៅ Liverpool។ កីឡាករវ័យ 33 ឆ្នាំដែលបានចុះកិច្ចសន្យារហូតដល់ឆ្នាំ 2026 នឹងភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Steven Gerrard ដែលជាអ្នកគ្រប់គ្រងក្រុមនោះស្រាប់។ ឥឡូវនេះ The Athletic អះអាងថាគាត់បានប្រាប់ក្រុម Liverpool នៅអាកាសយានដ្ឋាន Manchester ថាការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញ គឺដោយសារចង់បើកចន្លោះសម្រាប់ការអភិវឌ្ឍក្រុមជារួម ដោយចាត់ទុកការចាកចេញមួយនេះជាឱកាសដ៏ល្អសម្រាប់កីឡាករថ្មីៗ ក៏ដូចជាយុវជនជាច្រើនដែលមានសក្តានុពលសម្រាប់ក្រុមរបស់លោក Jurgen Klopp។

គួររំលឹកផងដែរថា ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ លេងបាន 492 ប្រកួតសម្រាប់ Liverpool បន្ទាប់ពីផ្ទេរមកពី Sunderland ក្នុងតម្លៃ 20 លានផោន កាលពីឆ្នាំ 2011 ហើយបានជួយឲ្យក្រុមឈ្នះពានរង្វាន់ធំៗចំនួន 7 ជាពិសេសពាន Champions League ក្នុងឆ្នាំ 2019 និង Premier League ក្នុងឆ្នាំ 2020 ថេមទៀតផង៕