Man Utd បដិសេដមិនទទួលសំណើរតម្លៃ 20 លានផោនរបស់ West Ham សម្រាប់កំពូលកីឡាករនេះឡើយ

ក្លឹបញញួរយក្ស West Ham United ច្បាស់ជាមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង នៅពេលដែលសំណើរតម្លៃរហូតដល់ទៅ 20 លានផោន រឺប្រមាណ 25.8 លានដុល្លារ ត្រូវបានច្រានចោលភ្លាមៗពីក្លឹបបិសាចក្រហម Manchester United សម្រាប់ហត្ថលេខារបស់កំពូលខ្សែការពារមួយរូបនេះ។

បន្ទាប់ពីលក់កីឡាករ Declan Rice ឲ្យទៅ Arsenal ក្នុងតម្លៃបំបែកកំណត់ត្រា 105 លានផោនរួចមក West Ham បានលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះភ្លាមៗ ដោយបានសម្លឹងឃើញសក្តានុពលរបស់អតីតប្រធានក្រុម Man Utd កីឡាករ Harry Maguire ដោយបានដាក់ចិត្ដដាក់កាយលើតុចរចារ ហើយបានបញ្ចូល 20 លានផោនទៅក្នុងការពិភាក្សាដែល Man Utd ជឿថាជាចំនួនដែលមិនអាចទទួលយកបាន។

វាមិនមែនជារឿងដែលចម្លែកនោះទេដែល David Moyes ចង់បាន Maguire មកលេងជាខ្សែការពារជាប់លាប់ ប៉ុន្តែក្លឹបមួយនេះមានភាពស្រពិចស្រពិលក្នុងការតាមចែចូល Maguire បន្ថែមទៀតដោយសារតែខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះហាក់មិនមានបំណងចង់ចាកចេញពីក្រុមមានមូលដ្ឋាននៅទីក្រុង Manchester នោះឡើយ។