Xavi មានការភ្ញាក់ផ្អើលចំពោះភាពខ្លាំងរបស់ Arsenal ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី ខណៈដែល Barcelona បានរងបរាជ័យក្នុងលទ្ធផល 5-3 នៅទឹកដីនៃប្រទេសសហរដ្ឋអាមេរិក។

ក្រុមកាំភ្លើងធំបានយកឈ្នះយ៉ាងងាយស្រួលលើម្ចាស់ជើងឯកលីកកំពូលអេស្ប៉ាញ ដោយការទាត់បញ្ចូលទីពីកីឡាករ Leandro Trossard ពីរគ្រាប់, Bukayo Saka, Kai Havertz និង Fabio Vieira នៅក្នុងអ្វីដែលជាការប្រកួតទីបួន និងចុងក្រោយរបស់ពួកគេនៅអាមេរិក។ Xavi បានកត់សម្គាល់ថាកម្រិតនៃការលេងរបស់ Arsenal គឺអាចប្រៀបធៀបទៅនឹងការប្រកួតក្របខ័ណ្ឌ Champions League ខណៈពេលដែល Barcelona នៅតែព្យាយាមរក្សាកាយសម្បទាដោយគ្រាន់តែលេងការប្រកួតដំបូងរបស់ពួកគេប៉ុណ្ណោះបន្ទាប់ពីការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុម Juventus ត្រូវបានលុបចោលដោយសារតែបញ្ហាជំងឺ។ គាត់បានត្អូញត្អែរអំពីភាពតានតឹងហើយយល់ឃើញថា វាមិនមែនជារឿងធម្មតាទេសម្រាប់ការប្រកួតមិត្តភាពបែបនេះ។

Xavi បានឲ្យដឹងថា “វាជាការប្រកួតដ៏ល្អមួយសម្រាប់អ្នកទស្សនា តែវាមិនមែនជារឿងល្អសម្រាប់គ្រូបង្វឹកទេ។ ខ្ញុំបានប្រាប់ Mikel Arteta នៅចុងបញ្ចប់នៃការប្រកួតថា វាមើលទៅដូចជាការប្រកួត Champions League ពីព្រោះកម្លាំងដែលពួកគេដាក់គឺមិនធម្មតាសម្រាប់ការប្រកួតមិត្តភាព ប៉ុន្តែខ្ញុំយល់ថាមនុស្សគ្រប់គ្នាចង់ឈ្នះ។ សម្រាប់ពួកយើង វាជាការប្រកួតដំបូង ហើយណាមួយយើងទើបតែជាពីជម្ងឺ”៕