គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានអះអាងថា គាត់មិនត្រូវការក្រុមដែលមានកីឡាករច្រើននោះទេ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចចិត្តដ៏តឹងតែងមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ក្រុមតោខៀវដែលមានកីឡាករ 29 នាក់នៅក្នុងជំរុំមុនបើករដូវកាលរបស់ពួកគេ បានត្រឹមស្មើគ្នាក្នុងលទ្ធផល 1-1 ជាមួយសារិកាព្រៃ Newcastle United ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល 2023-2024 នៅទីក្រុង Atlanta ដោយ Nicolas Jackson និង Miguel Almiron សុទ្ធតែរកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមទាំងពីរ។ Pochettino ប្តេជ្ញាថាគាត់ត្រូវតែកាត់បន្ថយទំហំនៃក្រុមរបស់គាត់មុនពេលការប្រកួត Premier League ចាប់ផ្តើមខណៈដែលគាត់ខ្លាចថាសីលធម៌ក្រុមអាចរងផលប៉ះពាល់ប្រសិនបើកីឡាករច្រើនពេកមិនសូវមានពេលចូលលេងទៀងទាត់។

ថ្លែងក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានទម្លាយថា “នៅពេលនេះចង្វាក់នៃការលេងរបស់យើងគឺល្អណាស់ ហើយពួកគេកំពុងចែករំលែកពេលវេលាដ៏ល្អជាមួយគ្នា។ វាពិបាកព្រោះពេលខ្លះរាល់ការប្រកួត កីឡាករបីបួនប្រាំនាក់មិនអាចលេងបាន ហើយនេះនឹងបង្កើតជាភាពល្អក់កករនៅក្នុងក្រុម។ ប្រសិនបើកីឡាករមិនសប្បាយចិត្តដោយសារពួកគេជឿថាមិនបានចូលលេងនោះ យើងនឹងរកដំណោះស្រាយជាមួយក្លឹប និងកែសម្រួលស្ថានការណ៍។ អ្វីដែលយើងមិនអាចមានគឺក្រុមដ៏ធំ កីឡាករមិនបានចូលរួម ហើយបន្ទាប់មកវានឹងបង្កើតភាពរញ៉េរញ៉ៃក្នុងក្រុម”៕