វីរកីឡាកររបស់ Man City ត្រូវបង្ខំចិត្តចូលនិវត្តន៍មុនកាលកំណត់ដោយសារតែមូលហេតុមួយនេះ

វីរកីឡាកររបស់ក្រុមមេឃខៀវ Manchester City ក៏ដូចជាក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ David Silva បានប្រកាសអំពីការចូលនិវត្តន៍មុនកាលកំណត់របស់ខ្លួននៅត្រឹមវ័យ 37 ឆ្នាំដោយសារតែការញាំញីដោយបញ្ហារបួស ACL។

Silva បាន​និយាយ​ពាក្យ​លា​ដ៏​រំជួល​ចិត្ត​ចំពោះ​អាជីពបាល់ទាត់​បន្ទាប់​ពី​របួស​ដ៏ធ្ងន់ធ្ងរ​នៅ​មុន​បើក​រដូវ​កាល 2023-2024។ អតីតតារា Manchester City និងអេស្ប៉ាញរូបនេះបានសារភាពថាវាជាថ្ងៃដ៏សោកសៅមួយ ដែលគាត់ព្យួរស្បែកជើងរបស់គាត់បន្ទាប់ពីចំណាយពេលជិតពីរទសវត្សរ៍នៅក្នុងអាជីពជាកីឡាករបាល់ទាត់។

កីឡាករដែលកំពុងលេងនៅលីកអេស្ប៉ាញជាមួយក្លឹប Real Sociedad រូបនេះបានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា “ថ្ងៃនេះជាថ្ងៃសោកសៅសម្រាប់ខ្ញុំ ថ្ងៃនេះជាពេលដែលត្រូវនិយាយលានូវអ្វីដែលខ្ញុំបានលះបង់ពេញមួយជីវិត។ ថ្ងៃនេះជាពេលដែលខ្ញុំត្រូវនិយាយលាមិត្តរួមការងាររបស់ខ្ញុំ ដែលប្រៀបដូចជាគ្រួសាររបស់ខ្ញុំ។ ខ្ញុំនឹងនឹកអ្នកខ្លាំងណាស់។ សូមអរគុណជាខ្លាំងទៅដល់ Ches (អ្នកគាំទ្រ Valencia), Armeros (អ្នកគាំទ្រ Eibar), Celtinas (អ្នកគាំទ្រ​​​ Celta Vigo), Citizens (អ្នកគាំទ្រ​​​ Man City) និង Txuri Urdines (អ្នកគាំទ្រ​​​ Real Sociedad) ព្រោះអ្នកបានធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅជាទីបំផុត”