ក្រុមបាល់ទាត់ Wrexham បានយកឈ្នះយុវជនរបស់បិសាចក្រហម Manchester United យ៉ាងផុយ ប៉ុន្តែជ័យជម្នះមួយនេះបានធ្វើឲ្យខ្សែប្រយុទ្ធដ៏សំខាន់របស់ខ្លួនស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភទៅវិញ។

កីឡាកររបស់ Wrexham នឹងចងចាំការប្រកួតមួយនេះ នៅពេលដែលខ្លួនបានយកឈ្នះ Manchester United ដោយបំបាក់ក្រុមយុវជនរបស់ Man Utd ក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតដែលធ្វើឡើងនៅទីក្រុង San Diego សហរដ្ឋអាមេរិក។

យ៉ាងណាក្តីការប្រកួតបានប្រែជាអាប់អួរនៅពេលដែលខ្សែប្រយុទ្ធ Paul Mullin បានដេកដួលនៅលើទីលាន បន្ទាប់ពីត្រូវបានអ្នកចាំទី Nathan Bishop របស់ United អុកចំផ្លូវដង្ហើមរបស់ខ្លួន។ ទោះ Mullin បានក្រោកឡើង ហើយអាចដើរចេញពីទីលានដោយខ្លួនគាត់ពិតមែន ប៉ុន្តែក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ Wrexham លោក Phil Parkinson បានឲ្យដឹងថា Mullin បានរងរបួសសួត ដោយបញ្ជាក់ពីការភ័យខ្លាចថាកីឡាកររូបនេះអាចនឹងខកខានប៉ុន្មានប្រកួតដំបូងរបស់ League Two៕