នាយកប្រតិបត្តិព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ចង់ឲ្យ Premier League សាកធ្វើរឿងមួយនេះដើម្បីប្រកួតជាមួយបាល់ទាត់អាមេរិក

បើយោងតាមនាយកប្រតិបត្តិសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ 2026 មួយរូប​ ជឿជាក់ថាលីកបាល់ទាត់កំពូលអង់គ្លេសPremier League គួរតែធ្វើតាមគំរូដែលកំណត់ដោយ NFL ហើយមកធ្វើការប្រកួតនៅទឹកដីសហរដ្ឋអាមេរិក។

អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលកំពុងដេញថ្លៃយកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 នៅក្នុងរដ្ឋរបស់គាត់ ជឿជាក់ថា ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសគួរតែរៀបចំការប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដោយគាត់ទំនុកចិត្តថាក្លឹបនឹងទទួលបានអត្ថប្រយោជន៍ពីគំនិតមួយនេះ។ Phil បានលើកឡើងអំពីគំនិតមួយនេះដោយនិយាយថា “ខ្ញុំនឹងសន្មត់ថា Man United និង Arsenal ចាត់ទុកនេះជាគំនិតដ៏ល្អមួយ ដោយដាក់កីឡាករល្អបំផុតរបស់អ្នកនៅទីនោះ អ្នកគាំទ្រ 82,000 នៅ New York/New Jersey នឹងចូលមកទស្សនា។ ខ្ញុំចង់ឲ្យវាកើតឡើង ដោយអាចយកគំរូតាម​ NFL បាន។ ទោះកីឡដ្ឋានមិនអាចផ្ទុកអ្នកទស្សនាបានច្រើន តែតម្រូវការសំបុត្រចូលទស្សនាគឺមានសន្ទុះខ្លាំងនឹកស្មានមិនដល់”

គំនិតនៃការប្រកួត Premier League ដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសផ្សេងទៀតត្រូវបានលើកឡើងជាច្រើនដងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែអ្នកគាំទ្រមិនបានគាំទ្រចំពោះសំណើបែបនេះទេ។ ក្នុងឆ្នាំ 2008 អតីតនាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Scudamore បានផ្តល់យោបល់ថាការប្រកួតលើកទី 39 នៃរដូវកាលនីមួយៗអាចត្រូវបានលេងនៅខាងក្រៅប្រទេសអង់គ្លេស ប៉ុន្តែគំនិតនេះត្រូវបានលុបចោលភ្លាមៗ ដោយសារការប្រឆាំងយ៉ាងខ្លាំងក្លារបស់អ្នកគាំទ្រក្នុងស្រុក៕