Folarin Balogun ត្រូវបានគេរាយការណ៍ថាកំពុងខិតទៅជិតនៃការចាកចេញពីកាំភ្លើងធំ Arsenal ដោយកីឡាកររូបនេះមិនត្រូវបានគេប្រទះឃើញក្នុងការហ្វឹកហាត់ជាក្រុមជាមួយ Arsenal នៅសហរដ្ឋអាមេរិកនោះឡើយ។

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំបានចូលរួមក្រុមនៅក្លឹបដើមរបស់គាត់វិញបន្ទាប់ពីបញ្ចប់ខ្ចីជើងយ៉ាងល្អនៅក្លឹប Reims នៅលីកកំពូលបារាំង Ligue 1 ក្នុងឆ្នាំ 2022-23។ គាត់បានស៊ុតបញ្ចូលទីបាន 21 គ្រាប់កាលពីរដូវកាលមុន ជាមួយនឹងការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដែលនាំឱ្យគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប។ Balogun បានចូលរួមក្នុងជំរុំហ្វឹកហាត់សម្រាប់ការត្រៀមរដូវកាលថ្មីរបស់ Arsenal ប៉ុន្តែសារព័ត៌មាន The Athletic រាយការណ៍ថាគាត់បានធ្វើការហ្វឹកហាត់ដាច់ដោយឡែកពីកីឡាករដទៃកំឡុងពេលហ្វឹកហាត់ចុងក្រោយបង្អស់របស់ Mikel Arteta ក្នុងកំឡុងដំណើរទេសចរណ៍រដូវក្តៅនៅសហរដ្ឋអាមេរិក។

កីឡាករដែលទើបប្តូរសញ្ជាតិពីអង់គ្លេសទៅអាមេរិករូបនេះ ត្រូវបានគេប្រទះឃើញថាបានហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួន ដែលនេះអាចជាតម្រុយដ៏ធំមួយនៃការចាកចេញពីក្លឹបដែលស្ទើរតែលើកពាន Premier League រដូវកាលមុន។ យ៉ាងណាក្តី Arsenal ហាក់ដូចជាមិនបានប្រឆាំងជាមួយការសម្រេចចិត្តណាឡើយ ដោយទាមទារប្រមាណ 50លានផោន ក្នុងករណីដែលក្លឹបណាមួយចង់នាំយក Balogun ចេញពីកីឡដ្ឋាន Emirates Stadium ពិតមែន៕