Luis Suarez គ្រោងនឹងធ្វើរឿងមួយនេះដើម្បីបានចាកចេញទៅជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេ

កីឡាករ Luis Suarez ត្រៀមនឹងធ្វើរឿងដែលកម្រមានជាមួយកុងត្រានៅក្លឹប Gremio របស់ខ្លួន ដើម្បីបានទៅជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេ កីឡាករ Lionel Messi នៅ Inter Miami ក្នុងរដូវកាលនេះ។

Suarez បានចូលរួមជាមួយ Gremio កាលពីដើមឆ្នាំ 2023 ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ ហើយពេលនេះហាក់ដូចជាបានតាំងចិត្តក្នុងការលេងជាមួយមិត្តជិតស្និទ្ធរបស់គាត់ និងអតីតមិត្តរួមក្រុមធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាកាលនៅ Barcelona ពោលគឺ Lionel Messi ម្តងទៀតនៅលីកកំពូលអាមេរិក Major League Soccer។ យោងតាម ​​ESPN Brasil ក្លឹបប្រេស៊ីល Gremio ក៏ដឹងពីបំណងប្រាថ្នារបស់ខ្សែប្រយុទ្ធក្នុងការចាកចេញពីក្លឹបហើយអាចធ្វើការសម្រេចចិត្តនាពេលខាងមុខនេះខណៈដែលក្លឹបមិនចង់បន្តជាមួយកីឡាករណាដែលស្ទាក់ស្ទើរក្នុងការស្នាក់នៅនោះឡើយ។

ដើម្បីចរចារលើដំណោះស្រាយជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ខ្សែប្រយុទ្ធជើងចាស់អ៊ុយរូហ្គាយមួយនេះសុខចិត្តសងប្រាក់ឈ្នួលទាំងអស់ដែលគាត់បានទទួលក្នុងឆ្នាំ 2023 មកទល់ពេលនេះ រួមជាមួយនឹងប្រាក់បន្ថែមមួយចំនួនទៀត។ Inter Miami បានរៀបចំការស្វាគមន៍ជាស្រេចសម្រាប់ Suarez រួចហើយ ខណៈដែលគ្រូបង្វឹក Gremio លោក Renato Gaucho បានសារភាពថា Suarez បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ Gremio ដោយសារតែគាត់មិនចង់បន្តលេងនៅក្លឹបទៀត៕