កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជឿជាក់ថាខ្លួនអាចនឹងធ្វើរឿងមួយនេះបាននាពេលដ៏ខ្លីខាងមុខ

Cristiano Ronaldo បានចែករំលែកគោលដៅដ៏មានមហិច្ឆតារបស់គាត់សម្រាប់រដូវកាល 2023-2024 ជាមួយក្លឹបបាល់ទាត់ Al-Nassr ខណៈដែលពួកគេត្រៀមជួបជាមួយ Paris Saint-Germain និង Inter Milan នៅប្រទេសជប៉ុន។

ចាប់តាំងពីចូលរួមជាមួយ Al-Nassr កាលពីដើមខែមករា Ronaldo បាននិយាយអំពីសក្តានុពលនៃលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយស្រមៃថាវាជាលីកកំពូលមួយក្នុងចំណោមលីកបាល់ទាត់កំពូលទាំងប្រាំនៅលើពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការមកដល់របស់ Ronaldo នៅតំបន់មជ្ឈិមបូព៌ា បានបើកផ្លូវសម្រាប់កីឡាករល្បីៗជាច្រើន រួមទាំងកីឡាករ Karim Benzema, N’Golo Kante និងមិត្តរួមក្រុមថ្មីនៅ Al-Nassr កីឡាករ Marcelo Brozovic ផងដែរ។ ដំណើរកម្សាន្តមុនបើករដូវកាលទល់នឹងក្រុមខ្លាំងនៅអឺរ៉ុប PSG និង Inter Milan បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ Al-Nassr ដើម្បីបង្ហាញពីវឌ្ឍនភាព និងការប្រកួតប្រជែងរបស់ខ្លួនប្រឆាំងនឹងក្រុមកម្រិតកំពូល។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ 38 ឆ្នាំរូបនេះបាននិយាយអំពីមហិច្ឆតារបស់ខ្លួនថា “យើងសង្ឃឹមថានឹងឈ្នះពានរង្វាន់ទាំងអស់។ យើងដឹងថាវានឹងពិបាក ប៉ុន្តែខ្ញុំគិតថាយើងមានក្រុមល្អ គ្រូបង្វឹកថ្មី កីឡាករថ្មី ហើយយើងកំពុងទន្ទឹងរង់ចាំក្នុងការបង្កើតរដូវកាលដ៏អស្ចារ្យមួយនេះ។ ពិតណាស់ ខ្ញុំសង្ឃឹមថានឹងឈ្នះពានរង្វាន់មួយចំនួននៅឆ្នាំនេះ”