អ្នកចាំទីចំណូលថ្មីរបស់ក្រុម Manchester United កីឡាករ Andre Onana បានសម្រេចទម្លាយពីដើមហេតុដែលខ្លួនសម្រេចពាក់អាវលេខ 24 ទាំងដែលអាវលេខ 1 ដែលជាអាវប្រចាំត្រកូលរបស់អ្នកចាំទីស្ទើរគ្រប់រូបនៅលើពិភពលោកកំពុងប្រើប្រាស់មិនទាន់មានអ្នកប្រើប្រាស់នៅ Man Utd។

នៅពេលចូលរួមជាមួយ Manchester United ពី Inter Milan ក្នុងតម្លៃផ្ទេរ 48 លានផោន Onana បានបង្កើតជាការងឿងឆ្ងល់មួយដ៏ធំសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម ដោយជ្រើសរើសអាវលេខ 24 នៅក្លឹបថ្មីរបស់គាត់ ទាំងដែលអាវលេខ 1 ត្រូវបានផ្សារភ្ជាប់ជាប្រវត្តិសាស្ត្រជាមួយអ្នកចាំទីរួមទាំង Edwin van der Sar, Peter Schmeichel និងអ្នកស្នងតំណែងមុនរបស់គាត់គឺ David de Gea ក៏ដោយ។ ចំពោះការសម្រេចចិត្តមួយនេះ អ្នកចាំទីសញ្ជាតិកាមេរូន បានបញ្ជាក់ថាលេខនេះគឹជាលេខដែលតំណាងឲ្យថ្ងៃនឹងខែកំណើតរបស់ខ្លួនផ្ទាល់ ដោយរូបគេកើតនៅថ្ងៃទី 2 ខែមេសា ហើយក៏ជាលេខដែលគេតែងតែប្រើនៅក្លឹបចាស់ដូចជា Ajax Amsterdam នឹង Inter Milan ផងដែរ។

ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹប Man Utd Onana បាននិយាយថា “ខ្ញុំចូលចិត្តលេខមួយនេះ។ វាតំណាងឲ្យថ្ងៃកំណើតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ វាជារឿងដែលល្អមួយ។ ខ្ញុំចូលចិត្តលេខមួយនេះ ព្រោះខ្ញុំគិតថានៅក្នុងលេខមួយនេះ ខ្ញុំបានបង្កើតជាសមិទ្ធផលជាច្រើនពីមុន ហើយនេះក៏ជាអ្វីដែលខ្ញុំនឹងរំពឹងទុកផងដែលសម្រាប់ពេលខាងមុខ”៕