Crystal Palace សម្រេចដាក់តម្លៃចំៗសម្រាប់ខ្សែបម្រើ Doucoure ចំពេល Liverpool នឹង PSG កំពុងចាប់អារម្មណ៍

Liverpool ឬ Paris Saint-Germain នឹងត្រូវចំណាយយ៉ាងហោចណាស់ 70 លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើ Cheick Doucoure ពី Crystal Palace។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លឹប Crystal Palace បានដាក់តម្លៃប្រាក់យ៉ាងខ្ពស់ទៅលើខ្សែបម្រើដែលពួកគេបានចុះហត្ថលេខាកាលពី 12 ខែមុនពីក្លឹប Lens ក្នុងតម្លៃ 26 លានផោន។ Doucoure រីករាយនឹងរដូវកាលដំបូងដ៏ល្អនៅកីឡដ្ឋាន Selhurst Park ហើយនៅតែមានរយៈពេល 4 ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ Palace ចាត់ទុកកីឡាករវ័យ 23 ឆ្នាំជាកីឡាករសំខាន់ ហើយមានសង្ឃឹមក្នុងការរក្សាគាត់បន្តទៀត។

យ៉ាងណាក្តី ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្រុមហង្សក្រហម Liverpool និង PSG ផងដែរ។ យោងតាមសារព័ត៌មាន Evening Standard លោក Jurgen Klopp មានបំណងចង់ពង្រឹងខ្សែបម្រើកណ្តាលរបស់គាត់ជាមួយ Doucoure ខណៈដែល Jordan Henderson និង Fabinho មើលទៅនឹងធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹបអារ៉ាប៊ីសាអូឌីត៕