ខ្សែការពារ Reece James របស់ក្រុម Chelsea កាលពីពេលថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរថាតើគាត់អាចភ្ជាប់ទំនាក់ទំនងជាមួយក្រុម Arsenal ដែរឬទេ ជាមួយនឹងចម្លើយយ៉ាងចាក់ដោតហើយសាមញ្ញជាទីបំផុត។

James បានឃើញ Kai Havertz ដើរលើផ្លូវនោះបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ 65 លានផោន នៅរដូវក្តៅនេះ ខណៈដែល Jorginho បានផ្លាស់ទៅភាគខាងជើងនៃទីក្រុងឡុងដ៍ដែលជាទឹកដីរបស់ Arsenal ក្នុងអំឡុងខែមករា។ វាហាក់ដូចជាមានឱកាសតិចតួចដែល James ធ្វើដំណើរក្នុងទិសដៅតែមួយក្នុងពេលឆាប់ៗនេះ ដោយកីឡាករវ័យ 23 ឆ្នាំរូបនេះបានចេញមកផ្តល់ជាចម្លើយ បន្ទាប់ពីបានឃើញអ្នកគាំទ្ររបស់ Arsenal ម្នាក់បានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា “Reece James ទៅ Arsenal តើអ្នកណាហ៊ាននិយាយថាទេ?”។

ការឆ្លើយតបរបស់ James ចំពោះសំណួរនោះគឺ “ខ្ញុំនិយាយថាទេ” ដែលធ្វើឲ្យអ្នកគាំទ្រ Chelsea សប្បាយនឹងសើចចំអកទៅកាន់អ្នកគាំទ្រ Arsenal ជាខ្លាំង។ គណនីផ្លូវការរបស់ Chelsea ឃើញបែបនេះមិនរង់ចាំយូរ ក៏បានចែករំលែកសាររបស់ James ទៅកាន់អ្នកគាំទ្រដទៃដោយមានភ្ជាប់ជាមួយពាក្យថា “គាត់គឺជារបស់យើង” ខណៈពេលដែលអ្នកគាំទ្រក្រុមតោខៀវមកពីជុំវិញពិភពលោកបានត្រេកអរក្នុងការបង្ហោះពីខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ៕