រំលងទៅយូរខែហើយមែន តែ Mane ទើបសម្រេចបើកចំហររឿងប្រើហិង្សាលើ Leroy Sane

ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Bayern Munich កីឡាករ Sadio Mane ទើបតែបានសម្រេចចិត្តបើកចំហរអំពីរឿងដែលត្រូវបានលើកឡើងថាខ្លួនបានវាយមិត្តរួមក្រុម កីឡាករ Leroy Sane បន្ទាប់ពីការបរាជ័យក្នុងការប្រកួត​ Champions League។

 

អ្វីៗបានក្តៅគគុករវាង Mane និង Sane នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ Bayern បន្ទាប់ពីចាញ់ Manchester City 3-0 នៅកីឡដ្ឋាន Etihad ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ 8ក្រុមចុងក្រោយរបស់ពួកគេកាលពីខែមីនា។ Mane ត្រូវបានគេចោទប្រកាន់ថាបានដាល់មិត្តរួមក្រុមរបស់គាត់ ដោយដំបូងឡើយមានការខឹងសម្បារចំពោះរបៀបដែល Saneនិយាយទៅកាន់គាត់នៅលើទីលាន។ កីឡាករជម្រើសជាតិសេណេហ្គាល់រូបនេះត្រូវបានដកចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយក្រោយមកត្រូវបានក្លឹបផ្អាកសម្រាប់សកម្មភាពរបស់គាត់ ដោយអ្នកចាត់ការ Thomas Tuchel បន្ទាប់មកបានប្រកាសបិទបញ្ហានេះ។

ទីបំផុត Mane បាននិយាយចេញអំពីជម្លោះជាមួយ Sane ដោយទទួលស្គាល់ថាគាត់អាចដោះស្រាយស្ថានការណ៍បានប្រសើរជាងមុន។ កីឡាករវ័យ 31 ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ 2sTV របស់សេណេហ្គាល់ថា “រឿងបែបនេះអាចកើតឡើង ហើយវាក៏បានកើតឡើង។ យើងអាចដោះស្រាយបញ្ហាតូចតាចនេះបាន។ ពេលខ្លះវាជារឿងល្អមួយក្នុងការដោះស្រាយបញ្ហា ប៉ុន្តែប្រហែលជាមិនមែនតាមរបៀបនេះទេ។ អ្វីៗពេលនេះគ្រាន់តែជារឿងមួយឆាវ នឹងអតីតកាលរបស់ពួកយើងតែប៉ុណ្ណោះ”