ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចចរចាជាមួយក្លឹប Leicester City សម្រាប់កីឡាករ James Maddison ប៉ុន្តែក្លឹបនៅតែស្ទាក់ស្ទើរលើតម្លៃស្នើសុំរបស់ Leicester។

យោងតាមរបាយការណ៍របស់ The Telegraph បានឲ្យដឹងថា Tottenham Hotspur កំពុងត្រៀមសំណើរសម្រាប់ខ្សែបម្រើកណ្តាលរបស់ Leicester City គឺ James Maddison ខណៈដែល Spurs កំពុងស្វែងរកការកសាងក្រុមនេះបើយោងតាមគ្រូបង្វឹកថ្មីគឺលោក Ange Postecoglou ។ របាយការណ៍ក៏បានណែនាំផងដែរថាក្លឹបមានមូលដ្ឋាននៅប៉ែកខាងជើងនៃទីក្រុងឡុងដ៍នៅមានភាពស្ទាក់ស្ទើរ ក្នុងការផ្គូរផ្គងតម្លៃដែល Leicester បានដាក់ស្នើសុំរហូតដល់ទៅ 60 លានផោន។

Spurs ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់ចំនួន 40 លានផោន ជាមួយនឹងការបន្ថែមផ្សេងៗជាផ្នែកនៃកិច្ចព្រមព្រៀងដែលត្រូវបានធ្វើសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ Newcastle United ក៏បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះផងដែរ ទោះជាយ៉ាងណាក៏ដោយពួកគេទំនងជាត្រូវដកខ្លួនបន្ទាប់ពីការចុះហត្ថលេខារបស់ពួកគេសម្រាប់កីឡាករ Sandro Tonali ពីក្លឹប AC Milan៕