អតីតខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Gareth Bale ត្រូវបានដាក់ចូលជាផ្លូវការសម្រាប់ការប្រកួតវាយកូនហ្គោល BMW PGA Championship Celebrity Pro-Am ដែលគ្រោងនឹងលេងនៅខែកញ្ញាជាមួយតារាល្បីៗជាច្រើនរួមមាន Tom Holland ដែលជាតួអង្គ Spider-Man ក៏ដូចជា Ben Stokes ផងដែរ។

ដំណឺងនៃការចូលរួមរបស់ Bale ត្រូវបានបញ្ចេញទៅលើបណ្តាញសង្គមជាសាធារណះកាលពីពេលថ្មីៗនេះ ដោយសាមីខ្លួនផ្ទាល់បានបង្ហោះជាសារខ្លីមួយសម្រាប់ការប្រកួតនាថ្ងៃទី 13 ខែកញ្ញាខាងមុខ។ វាមិនមែនជារឿងដែលចម្លែកមួយឡើយដែល Bale មានវត្តមានក្នុងការប្រកួតវាយកូនហ្គោល ដោយម្ចាស់ពានទ្វីបអឺរ៉ុបច្រើនសម័យរូបនេះបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡានេះតាំងពីមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់មកម្ល៉េះ។

អតីតប្រធានក្រុមជម្រើសជាតិវែលរូបនេះ នឹងត្រូវប៉ះកីឡាករគ្រីកឃីតជម្រើសជាតិអង់គ្លេស កីឡាករ James Anderson នឹង Stuart Broad ក្នុងការប្រកួតត្រៀមសម្រាប់ព្រឹត្តិការណ៍ Rolex Series ទីបួនសម្រាប់ឆ្នាំ 2023 នេះ៕