វីរកីឡាកររបស់ក្រុមកាំភ្លើងធំ លោក Patrick Viera ពេលនេះត្រូវបានគេរាយការណ៍ថាជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមLeeds United បន្ទាប់ពីបាត់បង់ឱកាសក្នុងការទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក។

បន្ទាប់ពីបានបានយល់ព្រមអនុញ្ញាតឱ្យលោក Allardyce ចាកចេញបន្ទាប់ពីក្លឹបត្រូវបានកាត់ចេញទៅលេងនៅក្របខ័ណ្ឌ English Championship ពេលនេះក្លឹប Leeds ហាក់ដូចជាបានកំណត់អត្តសញ្ញាណ Vieira ជាជម្រើសដែលពួកគេពេញចិត្តជាអ្នកស្នងតំណែងរបស់គាត់ នេះបើយោងតាមកាសែត The Guardian ។ ក្លឹបបានធ្វើការសម្ភាសន៍ ហើយអតីតគ្រូបង្វឹក Crystal Palace កំពុងតែមានប្រជាប្រិយភាពជាងគ្រូបង្វឹកផ្សេងៗ ដែលរួមមានអតីតគ្រូបង្វឹក Bournemouth លោក Scott Parker និងអតីតអ្នកចាត់ការ Norwich លោក Daniel Farke ផងដែរ។

Vieira បានឈប់ពីការងារចាប់តាំងពីចាកចេញពី Palace ក្រោយជួបប្រទះកំណត់ត្រាអាក្រក់មួយ ដោយមិនស្គាល់រសជាតិជ័យជម្នះរហូតដល់ទៅ 12 ប្រកួត ហើយបានដាក់ខ្លួនគាត់ឱ្យឈរឈ្មោះសម្រាប់ការងារ គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក ទោះបីជាពួកគេបានតែងតាំង Gregg Berhalter ជំនួសក៏ដោយ។ របាយការណ៍នេះបានអះអាងថាការពិភាក្សាជាមួយ Leeds មានភាពជឿនលឿនយ៉ាងខ្លាំងដែលគាត់អាចចូលកាន់តំណែងនៅខួបកំណើតអាយុ 47 ឆ្នាំរបស់គាត់នៅថ្ងៃសុក្រនៃសប្តាហ៍ក្រោយ៕