Bukayo Saka កាលពីពេលថ្មីៗនេះបានចូលរួមជាមួយអង្គការសប្បុរសធម៌ BigShoe ដើម្បីផ្តល់មូលនិធិជាលំនៅដ្ឋានសម្រាប់ 26 គ្រួសារដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅប្រទេសទួរគី។

បន្ទាប់ពីស៊ុតបញ្ចូលទីបាន Hat-trick ជាលើកដំបូងក្នុងអាជីពជាមួយក្រុមអង់គ្លេសទល់នឹងក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង ក្នុងលទ្ធផល 7-0 នៅ Old Trafford កាលពីយប់ថ្ងៃចន្ទ ខ្សែប្រយុទ្ធក្រុម Arsenal បានជាប់ឈ្មោះនៅទំព័រមុខនៃកាសែតម្តងទៀត ដែលលើកនេះសម្រាប់ភាពជាវីរបុរសក្រៅទីលានរបស់គាត់។ ត្រលប់ទៅខែកុម្ភៈវិញ ការរញ្ជួយដីជាបន្តបន្ទាប់បានអង្រួនប្រទេសទួរគី ដែលបានសម្លាប់មនុស្សជាង 50,000 នាក់ និងធ្វើឱ្យមនុស្សជាង 2 លាននាក់គ្មានផ្ទះសម្បែងនៅសមស្រប។

Saka បានប្រើប្រាស់ថវិការផ្ទាល់ខ្លួនដើម្បីចំណាយលើការស្នាក់នៅសម្រាប់ 26 គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយនៅតំបន់ផ្សេងៗដូចជា Hatay, Adiyaman, Kahramanmaras និង Malatya ភាគខាងកើតប្រទេសទួរគី។ BigShoe បានបង្ហាញពីការចូលរួមចំណែករបស់ Saka នៅក្នុងការបង្ហោះ Twitter ដែលសរសេរថា “មនុស្សជាច្រើនបានបាត់បង់ផ្ទះរបស់ពួកគេនៅក្នុងការរញ្ជួយដីនៅក្នុងប្រទេសទួរគី។ រួមគ្នាជាមួយ BigShoe កីឡាករក្រុមជម្រើសជាតិអង់គ្លេស @BukayoSaka87 បានផ្តល់ហិរញ្ញប្បទានកន្លែងស្នាក់នៅសម្រាប់ជនរងគ្រោះ៖ 26 គ្រួសារដែលរងផលប៉ះពាល់ឥឡូវនេះរស់នៅក្នុងកុងតឺន័រ រួមទាំងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹកផងដែរ”៕