Eden Hazard បានច្រានចោលទាំងស្រុងនៃការរំពឹងទុកថាគាត់ត្រៀមខ្លួនចូលនិវត្តន៍ពីកីឡាបាល់ទាត់ ខណៈដែលមានពាក្យចចាមអារ៉ាមជុំវិញការផ្លាស់ប្តូរទៅកាន់លីកកំពូលបាល់ទាត់អាមេរិក Major League Soccer បន្ទាប់ពីការចាកចេញពី Real Madrid របស់គាត់កាលពីពេលថ្មីៗនេះ។

ខ្សែប្រយុទ្ធជើងចាស់រូបនេះបានយល់ព្រមលើការបញ្ចប់កិច្ចសន្យារបស់គាត់នៅ Santiago Bernabeu មួយឆ្នាំមុនការរំពឹងទុកបន្ទាប់ពីជួបបញ្ហាដ៏អាក្រក់នៅ La Liga ជាកន្លែងដែលគាត់ទទួលបានស្ថានភាពដែលមិនចង់បានបន្ទាប់ពីរូបគេមិនត្រូវបានយកទៅប្រើប្រាស់ទាល់តែសោះ។ ប៉ុន្តែទោះបីជាមានការលំបាកទាំងនោះក៏ដោយ ក៏កីឡាករវ័យ 32 ឆ្នាំរូបនេះមានការតាំងចិត្តថាគាត់អាចលេងនៅកម្រិតក្លឹបរហូតសម្រាប់រដូវកាលក្រោយបានធម្មតា។

Hazard បានប្រាប់ RTBF អំឡុងពេលប្រកួតរបស់បែលហ្ស៊ិកក្នុងការប្រកួតជម្រុះ Euro 2024 ជាមួយអូទ្រីសកាលពីថ្ងៃសៅរ៍ថា “អនាគតរបស់ខ្ញុំ? និយាយតាមត្រង់ទៅ ខ្ញុំមិនទាន់ដឹងទេ។ បន្ទាប់ពីបីឆ្នាំដ៏ស្មុគស្មាញ ខ្ញុំគ្រាន់តែចង់ចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំ ទៅវិស្សមកាល បន្ទាប់មកយើងនឹងចាំមើលទាំងអស់គ្នា។ ខ្ញុំនៅតែមានអារម្មណ៍ថាអាចក្លាយជាកីឡាករបាល់ទាត់អាជីព ដោយសារតែខ្ញុំបានសម្រាកពីរឬបីឆ្នាំរួចមកហើយ។ ខ្ញុំនៅតែមានថាមពលជានិច្ចសម្រាប់ចូលប្រកួត”៕