ដំណឹងកាលពីពេលថ្មីៗនេះបានលេចឡើងថា លោក Steven Gerrard កំពុងពិចារណាលើសំណើរដើម្បីក្លាយជាអ្នកចាត់ការថ្មីនៃក្លិប Al-Ettifaq របស់ Saudi Pro League។

Al-Ettifaq ត្រូវបានគេជឿថាបានដាក់សំណើរទៅកាន់ Gerrard ខណៈពេលដែលវីរបុរសរបស់ Liverpool រូបនេះមិនទាន់មានការងារថ្មីបន្ទាប់ពីការចាកចេញរបស់គាត់ពី Aston Villa។ សារព័ត៌មាន Reuters បានអះអាងថា អតីតខ្សែបម្រើរូបនេះកំពុងពិចារណាសំណើរពីមជ្ឈឹមបូព៌ា បើទោះបីជាគាត់មិនទាន់ធ្វើការសម្រេចចិត្តជាផ្លូវការក៏ដោយ។

លីកបាល់ទាត់កំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការវាយលុកទីផ្សារដោះដូរកីឡាករ ក៏ដូចជាគ្រូបង្វឹកយ៉ាងសកម្មសម្រាប់មួយឆ្នាំចុងក្រោយនេះ ដោយបានទាក់ទាញកីឡាករ Cristiano Ronaldo និង Karim Benzema ដើម្បីលេងឲ្យ Al-Nassr និង Al-Ittihad រៀងៗខ្លួន ខណៈដែលមានការចាប់អារម្មណ៍លើ Neymar និង Jose Mourinho ផងដែរ។ រឿងដែលសោកស្តាយសម្រាប់ Saudi Pro League នោះគឺ Lionel Messi បានច្រានចោលការផ្លាស់ប្តូរទៅកាន់ក្លិប Al-Hilal ដើម្បីចូលរួមជាមួយ Inter Miami ក្នុងលីកកំពូលអាមេរិក Major League Soccer វិញ៕