លោក Pep Guardiola បានជំរុញឱ្យក្រុម Manchester City ដកកីឡាករ Joao Cancelo ចេញ បន្ទាប់ពីកីឡាកររូបនេះបានធ្វើរឿងដែលគ្មាននរណានឹកស្មានដល់មួយ នេះបើយោងទៅតាមការរាយការណ៍ជាច្រើន។

Cancelo បានបដិសេធមិនស្តាប់គ្រូបង្វឹករបស់ Man City នៅឯកិច្ចប្រជុំមួយកាលពីខែមករា ហើយបើយោងតាមកាសែត The Times គាត់បានធ្វើដំណើរទៅទីលានហ្វឹកហាត់ជាមួយនឹងកាសរបស់គាត់ ខណៈពេលដែលលោក Guardiola កំពុងនិយាយទៅកាន់ក្រុម។ បន្តិចក្រោយមក Guardiola បានជំរុញឲ្យប្រធានផ្នែកកីឡារបស់ក្រុម ពោលគឺលោក Txiki Begiristain ដករូបគេចេញ រហូតរកបានក្លិបថ្មីឲ្យ Cancelo ប៉ុន្មានថ្ងៃក្រោយរឿងនេះកើតឡើង។

Cancelo ធ្លាប់លេងជាជម្រើសដំបូងជាប្រចាំនៅ Man City នៅរដូវកាលនេះរហូតដល់គាត់ត្រូវបានដាក់ជាកីឡាករបម្រុងនៅចុងឆ្នាំ 2022។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថាមិនមានប្រតិកម្មល្អចំពោះការសម្រេចចិត្តរបស់ Pep នោះឡើយ មុនពេលគាត់ត្រូវបានខ្ចីជើងទៅ Bayern ។ អ្វីដែលកាន់តែពិសេសនោះគឹ Barcelona ចង់ចុះហត្ថលេខាលើកីឡាករវ័យ 29 ឆ្នាំរូបនេះកាលពីខែមករា ប៉ុន្តែគ្រូបង្វឹក Xavi បាននិយាយកាលពីខែមុនថាកិច្ចព្រមព្រៀងនេះត្រូវបានរារាំងដោយ City ដែលជាលទ្ធផលនាំឲ្យគាត់ទៅ Bayern ។ កិច្ចព្រមព្រៀងខ្ចីជើងរួមមានជម្រើសមួយក្នុងការចុះហត្ថលេខាលើរូបគេជាអចិន្ត្រៃយ៍នៅរដូវក្ដៅនេះ ប៉ុន្តែក្លិបយក្សអាឡឺម៉ង់ទំនងជាមិនធ្វើឲ្យវាកើតឡើងនោះទេ៕