John Stones ទម្លាយការពិតពីពេលវេលាដ៏លំបាកបំផុតរបស់គេនៅ Man City

ខ្សែការពារកណ្តាលរបស់ក្រុម Manchester City កីឡាករ John Stones ពេលនេះបានចេញមកពន្យល់ពីរបៀបដែលគាត់បានខំប្រឹង បន្ទាប់ពីមិនត្រូវបានជាប់ជាជម្រើសដំបូងរបស់ក្រុមខ្លួនកាលពីបីឆ្នាំមុន។

គួររំលឹកផងដែរថា កាលពីរដូវកាល 2019-2020 Stones ត្រូវបានចាត់ទុកត្រឹមជាខ្សែការពារបណ្តោះអាសន្នប៉ុណ្ណោះ ដោយបានលេងត្រឹម 12 ប្រកួតក្នុងនាមជាកីឡាករជម្រើសដំបូង ដោយមិនសូវបានប្រើប្រាស់ទាល់តែសោះទាំងការប្រកួតក្នុងស្រុក ក៏ដូចជាការប្រកួត UEFA Champions League ផងដែរ។ ព្រោះមូលហេតុបែបនេះ Stones បានដាក់កំហិតទៅលើខ្លួនគេជាខ្លាំង រហូតទទួលរងសម្ពាធយ៉ាងធំមួយ។

ជុំវិញរឿងរ៉ាវមួយនេះ​ ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានទទួលស្គាល់ថា “វាអាចជាពេលវេលាដ៏លំបាកមួយក្នុងឆាកជីវិតខ្ញុំ។ ខ្ញុំតែងតែសម្លឹងមើលខ្លួនខ្ញុំ ហើយព្យាយាមដាក់កំហិតលើខ្លួនថាតើអ្វីដែលខ្ញុំត្រូវធ្វើដើម្បីអភិវឌ្ឍសមត្ថភាពនៅពេលហ្វឹកហាត់ ហើយបានកែសម្រួលទម្លាប់ជាច្រើន ដូចជារបបអាហារ ការហ្វឹកហាត់ ហើយអ្វីដែលខ្ញុំអាចធ្វើបន្ថែមបានក្រៅពីនេះ។ ការធ្វើរឿងទាំងអស់នេះបានជួយខ្ញុំជាច្រើនរហូតអាចដណ្តើមកៅអីជម្រើសដំបូងញឹកញាប់ហើយបានលេងទៀតទាត់ឡើងវិញ ហើយនេះអាចជាមូលហេតុដែលធ្វើឲ្យខ្ញុំក្លាយជាកីឡាករដូចសព្វថ្ងៃ”