Paolo Maldini ត្រូវបានដកចេញពីតំណែង ក្រោយកិច្ចប្រជុំយុទ្ធសាស្ត្រជាមួយប្រធានក្លិប

Paolo Maldini ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​លាលែង​ពី​តួនាទី​ជា​នាយក​បច្ចេកទេស​របស់ក្លិប AC Milan ខណៈដែលលោក Ricky Massara ក៏​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ San Siro ដូចគ្នា។

បើយោងទៅតាមការរាយការណ៍របស់កាសែតអ៊ីតាលី Calciomercato បានឲ្យដឹងថា ការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើងក្រោយជំនួបរវាងថ្នាក់ដឹកនាំទាំងអស់ នឹងប្រធានក្លិបលោក Gerry Cardinale បានធ្វើឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ។

ការពិភាក្សានោះត្រូវបានគេនិយាយថាមានរយៈពេលខ្លី ដោយប្រធានរបស់ក្រុមហ៊ុន RedBird លោក Cardinale បានសម្រេចចិត្តចែកផ្លូវជាមួយ Maldini និង Massara ។ អ្នកទាំងពីរធ្លាប់ទទួលបន្ទុកលើការផ្ទេរ និងកិច្ចសន្យាចរចា ប៉ុន្តែការជជែកដេញដោលគ្នាទាក់ទងនឹងយុទ្ធសាស្ត្រជ្រើសរើស និងការវិនិយោគលើកីឡាករថ្មីត្រូវបានគេនិយាយថាបាននាំឲ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅលើកំពូលនៃក្រុមដែលកំពុងលេងនៅក្របខ័ណ្ឌ Serie A ៕